មហាយាន (ភាសាសំស្រ្កឹត: महायान, mahāyāna, ប្រែថា"យានធំ ឬសំពៅធំ" គឺជាទស្សនវិជ្ជាពុទ្ធសាសនា ដែលត្រូវបានបង្កើតឡើងនាសម័យកាលក្រោយព្រះពុទ្ធសមណគោតមបានបរិនិព្វាន ហើយត្រូវបានផ្សព្វផ្សាយទៅប្រទេសមួយចំនួននៅភាគខាងជើងនៃប្រទេសឥណ្ឌា ។ ទស្សនវិជ្ជារបស់ពុទ្ធសាសនានិកាយមហាយាន មានលក្ខណៈខុសប្លែកពីទស្សនវិជ្ជារបស់ពុទ្ធសាសនានិកាយថេរវាទយ៉ាងច្រើនអន្លើ ក៏ប៉ុន្តែគេឃើញមានសេចក្តីជំនឿរួមគ្នាមួយចំនួន ដែលពុទ្ធសាសនិកជននៃលទ្ធិទាំងពីរអាចយកមកជជែកគ្នាបាន ។ គោលការណ៍សាមញ្ញនៃពុទ្ធសាសនានិកាយមហាយាន គឺទាក់ទងនឹងកម្រិតនៃការយល់ពីហេតុផល និង ការប្រតិបត្តិ ដូចជាពោធិសត្វយាន ឬ យានជំនិះនៃព្រះពោធិសត្វ ។ ពុទ្ធសាសនាមហាយាន មានទស្សនៈរបស់និកាយវជរយាន (Vajrayana) ឬ យានពេជ្រដែលគ្រប់ដណ្តប់ទាំងស្រុង ហើយបានបែកជានិកាយផ្សេងៗទៀតតាមតំបន់ និង ប្រជាជនដែលកាន់សាសនាមហាយាន ។
ពាក្យថា មហាយាន បានចាប់កំណើតឡើងនៅក្រោយទំនាស់រវាងក្រុមភិក្ខុជាសាវ័ករបស់ព្រះពុទ្ធ ដែលមានការបកស្រាយ ជជែកវែកញែកខុសគ្នា ទៅលើធម្មវិន័យរបស់ព្រះពុទ្ធសមណគោតម ដោយចោទសួរថា តើអ្វីគឺជាពុទ្ធវចនៈពិត? អ្វីមិនមែនជាពុទ្ធវចនៈពិត ? អ្វីជាវិន័យ ឬ បញ្ញត្តិ ពិត ? អ្វីមិនមែនជាវិន័យ ឬ បញ្ញត្តិពិត ? ពុទ្ធសាសនិកជននៃពុទ្ធសាសនានិកាយមហាយានក៏បានអះអាងដែរថា ទស្សនវិជ្ជានៃពុទ្ធសាសនានិកាយមហាយាន គឺជាសេចក្តីបង្រៀនពិត ដែលព្រះសម្មាសម្ពុទ្ធបានសំដែងទុក ។ មានភស្តុតាងមួយចំនួនបានបង្ហាញថា ទស្សនវិជ្ជានៃពុទ្ធសាសនានិកាយមហាយាន មានប្រភពចេញពីភូមិភាគទក្សិណ នៃប្រទេសឥណ្ឌា នាសតវត្សទី ១ នៃគ្រិស្តសករាជ ហើយបានផ្សព្វផ្សាយដំបូងទៅប្រទេសចិនដោយកុសាន លោកក្សេម (ភាសាចិនៈ 支谶, Zhi Chen, ឈ្មោះពេញថា 支樓迦讖 var. 支婁迦讖 Zhi Loujiachen, ចាប់ពីឆ្នាំ ១៦៤ ទៅឆ្នាំ ១៨៦ នៃគ្រិស្តសករាជ) ដែលគាត់ជាមនុស្សទី ១ ដែលបានបកប្រែព្រះសូត្ររបស់ពុទ្ធសាសនានិកាយមហាយាន ឲ្យទៅជាភាសាចិន ។ ការពណ៌នាលើកដំបូងបង្អស់នៃមហាយាន បានកើតឡើងក្នុង ឧទុម្ពរិកសូត្រ ចន្លោះសតវត្សទី ១ មុនគ្រិស្តសករាជ និង សតវត្សទី ១ នៃ គ្រិស្តសករាជ ។ ពុទ្ធសាសនាមហាយានដំបូងបំផុតប្រហែលជាមានដើមកំណើតរវាងគ្រិស្តសតវត្សទី ១ ក្នុងឧបទ្វីបឥណ្ឌា ។ នៅគ្រិស្តសតវត្សទី ៥ ពុទ្ធសាសនានិកាយមហាយានបានមានឥទ្ធិពលតាមសាលារៀនមួយចំនួននៅប្រទេសឥណ្ឌា ។
ឯកសារប្រវត្តិសាស្ត្រជាច្រើនបានបង្ហាញថាពុទ្ធសាសនាមហាយានបានរីកសាយភាយនៅបណ្តាប្រទេសអាស៊ីមួយចំនួនដូចជា ប្រទេស នេប៉ាល, ទីបេ (សព្វថ្ងៃស្ថិតនៅក្នុងប្រទេសចិន), ភូតាន, ចិន, ម៉ុងហ្គោល, សាធារណៈរដ្ឋកាល់មីគា (នៃសហព័ន្ធរុស្ស៊ី), តៃវ៉ាន់, ជប៉ុន, កូរ៉េ និងវៀតណាម ។ កាលពីអតីតកាល ប្រជាជននៃបណ្តាប្រទេសមួយចំនួននៅតំបន់អាស៊ីភាគខាងត្បូងដូចជា អាប់ហ្គានីស្ថាន,ប៉ាគីស្ថាន, ប្រទេសកម្ពុជា, នេប៉ាល, ភូតាន, ស្រីលង្ការ និងបង់ក្លាដែស ព្រមទាំងប្រទេសនៅតំបន់អាស៊ីភាគអគ្នេយ៍ ដូចជា ខ្មែរ, ថៃ, ឡាវ, ភូមា (សព្វថ្ងៃហៅថា មីយ៉ាន់ម៉ា),ឥណ្ឌូណេស៊ី ម៉ាឡេស៊ី ធ្លាប់ជឿតាមទស្សនវិជ្ជា នៃពុទ្ធសាសនានិកាយមហាយាន ។ សព្វថ្ងៃ នៅក្នុងបណ្តាប្រទេសទាំងនោះ ក៏នៅមានពុទ្ធសាសនិកជន នៃពុទ្ធសាសនានិកាយមហាយានមួយចំនួនផងដែរ ។ សូម្បីតែនៅក្នុងវត្តអារាមនៃពុទ្ធសាសនានិកាយថេរវាទមួយចំនួននៅប្រទេសថៃបច្ចុប្បន្ន ក៏មានការសាងសង់រូបសំណាកផ្សេងៗ សម្រាប់ពុទ្ធសាសនិកជន ដែលគោរពជឿតាមទស្សនវិជ្ជានៃពុទ្ធសាសនាមហាយាន ចូលមកគោរព និង បូជាផងដែរ ។ ការធ្វើដូច្នោះប្រហែលជាវិធីទាក់ទាញរកអតិថិជនឲ្យបានចំនួនច្រើន ដោយជួយសម្រួលពួកគាត់កុំឲ្យពិបាកបើកបរទៅរកទីវត្ត (មហាយាន) ផ្សេងៗទៀតដែលនៅទីកន្លែងឆ្ងាយៗ ។ យើងអាចប្រដូចចំណុចនេះ ទៅនឹងពាក្យថា "មជ្ឈមណ្ឌលលក់ដូរងាយរកទំនិញគ្រប់ប្រភេទ" (one-stop shopping center) ។
លទ្ធិវជ្រយាន (Vajrayana) គ្រប់ដណ្តប់លើធម៌វិន័យរបស់ ១៨ និកាយធំៗ ក្នុងអតីតកាល ។ គម្ពីរ (ឬសូត្រ) របស់ពុទ្ធសាសនានិកាយសំខាន់ៗមួយចំនួន ត្រូវបានគេចងក្រងជាភាសាសំស្រ្កឹត ដែលមិនបានរស់រានយូរលង់ ហើយបានបាត់បង់ទៅវិញយ៉ាងឆាប់រហ័ស ។ មានកំណែប្រែក្រោយៗមកត្រូវបានគេប្រែជាភាសាទីបេ និង ភាសាចិន ដែលបានបន្តរហូតដល់សព្វថ្ងៃនេះ ។ ពុទ្ធសាសនិកជននៃនិកាយធំៗរបស់ពុទ្ធសាសនានិកាយមហាយាន គោរពប្រតិបត្តិតាមទស្សនវិជ្ជា ហ្សិន (Zen) បែបជប៉ុន, ទស្សនវិជ្ជា ចាន់ បែបចិន (Chinese Chan), លទ្ធិដែនដីបរិសុទ្ធិ (Pure Land), លទ្ធិធានថៃចុង (Tiantai zong) ដែលជឿលើគម្ពីរបទុមសូត្រ (Lotus Sutra) ឬ បក្សផ្កាឈូក (The Lotus School), លទ្ធិនិឈិរ៉ិន (Nichiren) បែបជប៉ុន, លទ្ធិវជ្រយាន (Vajrayana) នៃនិកាយស្ហ៊ិនហ្គុន (Shingon), លទ្ធិថិនដាយ (Tendai) និង ពុទ្ធសាសនាបែបទីបេ (Tibetan Buddhism) ដែលបន្ថែមសេចក្តីបង្រៀនដ៏អាថ៌កំបាំង (esoteric teachings) មួយចំនួន ទៅលើប្រពៃណីនៃជំនឿបែបពុទ្ធសាសនាមហាយាន ។
No comments:
Post a Comment