និកាយមហាយាន


មហាយាន (ភាសាសំស្រ្កឹត: महायान, mahāyāna, ប្រែថា"យានធំ ឬសំពៅធំ" គឺជាទស្សនវិជ្ជា​​ពុទ្ធសាសនា ដែល​ត្រូវ​បាន​បង្កើត​ឡើង​នា​សម័យកាល​ក្រោយ​ព្រះ​ពុទ្ធ​សមណគោតម​​បាន​បរិនិព្វាន​ ហើយ​ត្រូវ​បាន​ផ្សព្វផ្សាយ​​ទៅ​ប្រទេស​មួយ​ចំនួន​នៅ​ភាគ​ខាង​ជើង​នៃ​ប្រទេស​ឥណ្ឌា ។ ទស្សនវិជ្ជា​របស់​ពុទ្ធសាសនា​និកាយ​មហាយាន​ មាន​លក្ខណៈ​ខុស​ប្លែក​ពី​ទស្សនវិជ្ជា​របស់​ពុទ្ធសាសនា​និកាយ​ថេរវាទ​យ៉ាង​ច្រើន​អន្លើ ក៏​ប៉ុន្តែ​​គេ​​ឃើញ​មាន​​សេចក្តី​ជំនឿ​រួម​គ្នា​មួយ​ចំនួន​​ ដែល​​ពុទ្ធសាសនិកជន​នៃ​លទ្ធិ​ទាំងពីរ​អាច​យក​មក​ជជែក​គ្នា​បាន ។ គោលការណ៍​សាមញ្ញ​នៃ​ពុទ្ធសាសនា​និកាយ​មហាយាន គឺ​ទាក់​ទង​​នឹង​​កម្រិត​​នៃ​​ការ​​យល់​​ពី​​ហេតុផល​ និង​ ការ​ប្រតិបត្តិ​​ ដូច​ជា​ពោធិសត្វ​យាន ឬ យាន​ជំនិះ​​​នៃ​ព្រះ​ពោធិសត្វ ។ ពុទ្ធសាសនា​​មហាយាន មាន​​ទស្សនៈ​​របស់​​និកាយ​​វជរយាន (Vajrayana) ឬ​​ យាន​ពេជ្រ​​​ដែល​​គ្រប់​​ដណ្តប់​​ទាំង​​ស្រុង​​ ហើយ​​បាន​​បែក​​ជា​​និកាយ​ផ្សេងៗ​ទៀត​តាម​តំបន់​ និង ​ប្រជាជន​ដែល​កាន់​សាសនា​មហាយាន ។
ពាក្យ​ថា ​មហាយាន​ បាន​ចាប់​កំណើត​ឡើង​នៅ​ក្រោយ​​​ទំនាស់​​រវាង​ក្រុម​ភិក្ខុ​​​ជា​សាវ័ក​របស់​ព្រះ​ពុទ្ធ​​ ដែល​មាន​ការ​បកស្រាយ​ ​ជជែក​វែកញែក​​ខុសគ្នា​ ទៅ​លើ​​ធម្មវិន័យ​​របស់​ព្រះពុទ្ធ​សមណគោតម ​ដោយ​ចោទ​សួរ​ថា​ តើ​អ្វី​គឺ​ជា​ពុទ្ធវចនៈ​ពិត​? អ្វី​មិន​មែន​ជា​ពុទ្ធវចនៈ​ពិត ? អ្វី​ជា​វិន័យ​ ឬ បញ្ញត្តិ ពិត ? អ្វី​មិន​មែន​ជា​វិន័យ ឬ បញ្ញត្តិ​ពិត ? ពុទ្ធសាសនិកជន​​នៃ​ពុទ្ធសាសនា​​​និកាយ​មហាយាន​ក៏​​បាន​អះអាង​​ដែរ​ថា ទស្សនវិជ្ជា​នៃ​ពុទ្ធ​សាសនា​និកាយ​មហាយាន គឺ​ជា​សេចក្តី​បង្រៀន​ពិត​ ដែល​​​ព្រះ​សម្មាសម្ពុទ្ធ​​​បាន​សំដែង​ទុក ។ មាន​​​ភស្តុតាង​មួយ​ចំនួន​បាន​​បង្ហាញ​​ថា ទស្សនវិជ្ជា​នៃ​ពុទ្ធសាសនា​និកាយ​មហាយាន​ មាន​ប្រភព​​​ចេញ​ពី​ភូមិ​ភាគ​ទក្សិណ ​នៃ​ប្រទេស​ឥណ្ឌា​ នា​សតវត្សទី ១ នៃ​គ្រិស្តសករាជ ហើយ​បាន​ផ្សព្វផ្សាយ​ដំបូង​ទៅ​ប្រទេស​ចិន​ដោយ​កុសាន លោក​ក្សេម (ភាសាចិនៈ 支谶, Zhi Chen, ឈ្មោះពេញថា 支樓迦讖 var. 支婁迦讖 Zhi Loujiachen, ចាប់ពី​​ឆ្នាំ​​ ១៦៤ ទៅ​ឆ្នាំ​ ១៨៦ នៃ​គ្រិស្តសករាជ) ដែល​គាត់​ជា​​​មនុស្ស​ទី​ ១ ដែល​បាន​​​បក​​ប្រែ​ព្រះ​សូត្រ​របស់​ពុទ្ធសាសនា​និកាយ​​មហាយាន ឲ្យ​ទៅ​​ជា​ភាសាចិន ។ ការ​ពណ៌នា​លើក​ដំបូង​បង្អស់​នៃមហាយាន បាន​កើត​ឡើង​ក្នុង​ ឧទុម្ពរិកសូត្រ​ ចន្លោះ​សតវត្សទី ១ មុន​គ្រិស្តសករាជ និង សតវត្សទី ១ នៃ គ្រិស្តសករាជ ។ ពុទ្ធ​សាសនា​មហាយាន​ដំបូង​បំផុត​ប្រហែល​ជា​មាន​ដើម​កំណើត​រវាង​គ្រិស្តសតវត្សទី ១ ក្នុង​ឧបទ្វីបឥណ្ឌា ។ នៅ​​គ្រិស្តសតវត្ស​ទី ៥ ​ពុទ្ធសាសនា​និកាយមហាយាន​បាន​មាន​ឥទ្ធិពល​តាម​​សាលារៀន​​មួយ​ចំនួន​នៅ​ប្រទេស​ឥណ្ឌា ។
ឯកសារ​ប្រវត្តិ​សាស្ត្រ​ជា​ច្រើន​បាន​បង្ហាញ​ថាពុទ្ធសាសនាមហាយានបាន​រីក​សាយ​ភាយ​នៅ​បណ្តា​ប្រទេស​​អាស៊ី​​មួយ​ចំនួន​ដូច​ជា ប្រទេស​​ នេប៉ាលទីបេ (សព្វថ្ងៃ​ស្ថិត​នៅ​ក្នុង​ប្រទេស​ចិន), ភូតានចិនម៉ុងហ្គោល, សាធារណៈ​រដ្ឋ​កាល់​មីគា (នៃ​សហព័ន្ធ​រុស្ស៊ី), តៃវ៉ាន់ជប៉ុនកូរ៉េ និងវៀតណាម ។ កាល​ពី​អតីតកាល ប្រជាជន​នៃ​បណ្តា​ប្រទេស​មួយ​ចំនួន​នៅ​តំបន់​អាស៊ី​ភាគ​ខាង​ត្បូង​ដូច​ជា អាប់ហ្គានីស្ថាន,ប៉ាគីស្ថាន, ប្រទេស​កម្ពុជា, នេប៉ាល, ភូតាន, ស្រី​លង្ការ និងបង់ក្លាដែស ព្រម​ទាំង​ប្រទេស​នៅ​តំបន់​អាស៊ី​ភាគ​អគ្នេយ៍ ដូច​ជា​ ខ្មែរថៃឡាវភូមា (សព្វ​ថ្ងៃ​ហៅ​ថា មីយ៉ាន់ម៉ា),ឥណ្ឌូណេស៊ី ម៉ាឡេស៊ី ធ្លាប់​ជឿ​តាម​ទស្សន​វិជ្ជា​ នៃ​ពុទ្ធសាសនា​​​និកាយ​មហាយាន​ ។ សព្វ​ថ្ងៃ​​ នៅ​ក្នុង​បណ្តា​ប្រទេស​ទាំង​នោះ​​ ក៏​នៅ​មាន​ពុទ្ធសាសនិកជន​ នៃ​ពុទ្ធសាសនា​និកាយ​មហាយាន​​មួយ​ចំនួន​ផង​ដែរ ។ សូម្បី​តែ​នៅ​ក្នុង​វត្ត​អារាម​​នៃ​ពុទ្ធសាសនា​និកាយ​ថេរវាទ​មួយ​ចំនួន​នៅ​ប្រទេស​ថៃ​បច្ចុប្បន្ន ក៏​មាន​ការ​សាងសង់​រូប​សំណាក​ផ្សេងៗ​​​​ សម្រាប់​ពុទ្ធសាសនិកជន​​ ដែល​គោរព​ជឿ​តាម​ទស្សនវិជ្ជា​នៃ​ពុទ្ធសាសនា​មហាយាន ចូល​​មក​គោរព និង បូជា​ផង​ដែរ ។ ការ​ធ្វើ​ដូច្នោះ​​ប្រហែល​​ជា​វិធី​ទាក់ទាញ​រក​អតិថិជន​ឲ្យ​បាន​ចំនួន​​ច្រើន ដោយ​ជួយ​សម្រួល​ពួក​គាត់​កុំ​ឲ្យ​ពិបាក​បើក​បរ​ទៅ​រក​ទីវត្ត​ (មហាយាន) ផ្សេង​ៗ​ទៀត​​ដែល​នៅ​​ទីកន្លែង​ឆ្ងាយ​ៗ ។ យើង​​​អាច​ប្រដូច​ចំណុច​នេះ​​​ ​ទៅ​នឹង​ពាក្យ​ថា "មជ្ឈមណ្ឌល​លក់​ដូរ​​ងាយ​រក​​​ទំនិញ​គ្រប់ប្រភេទ" (one-stop shopping center) ។
​លទ្ធិ​វជ្រយាន (Vajrayana)​ ​​​គ្រប់​ដណ្តប់​លើ​ធម៌វិន័យ​​របស់​ ១៨ និកាយធំៗ ក្នុង​អតីតកាល ។ គម្ពីរ (ឬ​សូត្រ) ​របស់​ពុទ្ធសាសនា​និកាយ​​សំខាន់ៗ​មួយ​ចំនួន​ ត្រូវ​បាន​គេ​​ចងក្រង​ជា​ភាសា​សំស្រ្កឹត ដែល​មិន​បាន​​រស់​រាន​​យូរ​លង់ ​ហើយ​​បាន​​បាត់​បង់​​ទៅ​វិញ​​យ៉ាង​​ឆាប់​រហ័ស ។ មាន​​កំណែ​ប្រែ​​ក្រោយៗ​មក​​ត្រូវ​​បាន​​គេ​​ប្រែ​​ជា​​ភាសា​ទីបេ និង ភាសា​ចិន ​ដែល​បាន​បន្ត​រហូត​ដល់​សព្វ​ថ្ងៃ​នេះ ។ ពុទ្ធសាសនិកជន​នៃ​និកាយធំៗ​របស់​ពុទ្ធសាសនា​និកាយ​មហាយាន ​គោរព​ប្រតិបត្តិ​​តាម​ទស្សនវិជ្ជា​​ ហ្សិន (Zen) បែប​ជប៉ុន, ទស្សនវិជ្ជា​ ចាន់ បែប​ចិន (Chinese Chan), លទ្ធិ​​ដែនដី​​បរិសុទ្ធិ (Pure Land), លទ្ធិ​ធានថៃចុង (Tiantai zong) ដែល​ជឿ​លើ​គម្ពីរ​បទុមសូត្រ (Lotus Sutra)​ ឬ បក្ស​ផ្កា​ឈូក (The Lotus School), លទ្ធិ​និឈិរ៉ិន (Nichiren) បែប​ជប៉ុន, លទ្ធិ​វជ្រយាន (Vajrayana) នៃ​និកាយ​ស្ហ៊ិនហ្គុន (Shingon), លទ្ធិ​ថិនដាយ (Tendai) និង ពុទ្ធសាសនា​បែប​ទីបេ (Tibetan Buddhism) ដែល​​បន្ថែម​សេចក្តី​បង្រៀន​ដ៏​អាថ៌​កំបាំង​ (esoteric teachings) មួយ​ចំនួន ទៅ​លើ​ប្រពៃណី​នៃ​ជំនឿ​បែប​​ពុទ្ធសាសនា​មហាយាន ។

No comments:

Post a Comment