Wednesday, April 13, 2016

សមាធិ



សមាធិ
សង្ស័យ​ថា មិនបានធ្វើ​សមាធិ ឈ្មោះថា​មិនបាន បដិបត្តិ​ធម៌ ឬមិន​បាន​សម្រេច​មគ្គ​ផល ។

ម៉្យាង​ទៀត សង្ស័យ​ថា ចម្រើ​ន​វិបស្សនា តើ​ចាំបាច់​ធ្វើ សមាធិ​ជា​មុន​ដែរ​ឬ​ទេ​ ។ ការ​សង្ស័យ​ទាំង​នេះ ព្រោះ​មកអំពីមិន ដឹង​វិបស្សនា​មានសភាវ​លក្ខណៈ​ដូច​ម្តេច ។ កាល​ដែលមិនដឹង មិន​ស្គាល់តួ​វិបស្សនា​តាមពិត គឺមិន​អាច​ចម្រើន​វិបស្សនា​បាន​ឡើយ ទោះជា​ធ្វើ​សមាធិ​បាន​សម្រេច​ប៉ុនណា​ក៏​ដោយ ។
វិបស្សនា គឺការ​ឃើញ​ច្បាស់ ឃើញ​ធម៌ពិត តាមពិត ។ វិបស្សនា​​ចម្រើន​ឡើង​លះ​​បង់ការ​សង្ស័យក្នុង​បដិបត្តិ​ធម៌ ចំណុច ដែលអស់​សង្ស័យ​នៅត្រង់​ឃើញ​ច្បាស់​ថា ធម៌ទាំង​​ឡាយ​​អាស្រ័យ បច្ច័យ​កើត​ឡើង ។
ពុទ្ធបរិស័ទ​​យើង នៅជំពាក់​ចិត្តនឹង​បដិបត្តិ​ធម៌ កាលដែល អានព្រះ​ត្រៃ​បិដក​​ហើយ ក៏ទទួល​​សេចក្តី​​បាន​ថា ព្រះពុទ្ធ​​បរមគ្រូ ត្រាស់​​ប្រាប់ឱ្យ​​យើង​បដិបត្តិ​​ធម៌ ដូច្នេះ​​យើង​ត្រូវ​​បដិបត្តិតាម ។ ពុទ្ធ​បរិស័ទ ស្តាប់បាន​ត្រង់​ពាក្យ​ថា យើង​​បដិបត្តិធម៌  ប៉ុន្តែ មិន​ដឹង ថា អ្វី​ជា​​បដិបត្តិ​​ធម៌​ឡើយ ។ 
បដិបត្តិ​ធម៌ ជា​ធម៌ពិត​មួយផ្នែក អាស្រ័យ​​បច្ច័យ​កើត​ឡើង បដិបត្តិ​​កិច្ច​​របស់​ខ្លួន អ្នក​​បដិបត្តិ​​ផ្សេងទៀត​​ជាយើង ជាគេ​​មិនមាន ឡើយ គឺមាន​តែធម៌​បដិបត្តិ​​ប៉ុណ្ណោះ ។
ពុទ្ធបរិស័ទ ខំប្រឹង​ឱ្យ​ខ្លួន​ឯង​បានជា​​អ្នក​បដិបត្តិ ប៉ុន្តែ​​ធម៌​ពិត នៅក្នុង​ទី​​ងងឹត​ឈឹង ពោរ​ពេញ​ដោយ​បមាទធម៌ ព្រោះ​​ហេតុ តែមិន​មាន​​សតិថ្នាក់​សតិប្បដ្ឋាន ។ មានតែ​សតិថ្នាក់​​សតិប្បដ្ឋាន​​​ប៉ុណ្ណោះ ដែល​អុជ​ប្រទីប​បញ្ញា ធ្វើឱ្យធម៌​​ពិត​ប្រាកដ​​ក្នុងពន្លឺភ្លឺស្វាង ។ 

កាល​ដែល​ធម៌ពិត​​ប្រាកដ​នូវ សភាព​​​សូន្យ​ចាក​​សត្វ​បុគ្គល សូន្យ​​ចាកតួ​ខ្លួន​ហើយ​នោះ សេច​ក្តី សង្ស័យ​ថា បដិបត្តិ​ធម៌​ដូច​ម្តេច ត្រូវ​រៀប​ចំ​អារម្មណ៍​បែប​ណា​ឱ្យ សតិ​​រលឹកដឹង ត្រូវ​អង្គុយ ត្រូវដើរ​​បែប​​ណា ឬត្រូវ​​បដិបត្តិ​​ពេល​ណា ៘ មិន​មាន​​ឡើយ ព្រោះ​អ្នក​បដិបត្តិ ជា​​សត្វបុគ្គល​​តួខ្លួន មិន មាន​ទេ ។ 
ក្នុងកា​រ​អប់រំ​ចម្រើន​សតិប្បដ្ឋាន ក៏ជា​​ការចម្រើន​​សម្មា​​សមាធិ​​ផងដែរ គឺ​មាន​លក្ខណៈ​​ចាប់​​សេចក្តី​​ពិតនៃ​ធម៌​ពិត​បាន​ជាប់ មាំទាំ បញ្ញា​​ក៏ចម្រើន​​ឡើង ។ បញ្ញា​ថ្នាក់​​វិបស្សនា មាន​​ឧបការៈ ដល់​​សមាធិដែល​​ជាវិហារ​​ធម៌ ដូចជា​សមាធិ​​ក្នុង​​អនុស្សតិ​ជា​ដើម។
កុសលធម៌​​ទាំងឡាយ មាន​ឧបការៈដល់គ្នា ស្រេច​តែកម្លាំង នៃ​កុសល​ធម៌នោះ​ៗ ។ សតិប្បដ្ឋាន​ប្បដិបត្តិ​កម្ចាត់បង់នូវ​ឆន្ទរាគៈ សូម្បី​ក្នុងកុសល​ធម៌ នេះជា​បដិបទា​វិសុទ្ធិ មិន​ប្រព្រឹត្តទៅ​ដោយ ការជាប់​នៅក្នុងលោក ។

សតិប្បដ្ឋាន​ប្បដិបត្តិ មិនមាន​ការឆ្ងល់ ហើយក៏មិន​មានការខ្វាយ​ខ្វល់សាង​ធម៌អ្វីទាំង​អស់ ពោលគឺ មិន សាង​អារម្មណ៍ដើម្បី​ឱ្យសតិរលឹក​ឡើយ ស្រេចហើយ​តែធម៌ពិត ខណៈ​នេះប្រាកដ​លក្ខណៈពិត នេះជា​តួបដិបត្តិ​ធម៌ ដែល​ជាដួង ប្រទីប ។
សតិប្បដ្ឋាន​ប្បដិបត្តិ អត់គិត​ធ្វើសមាធិ អត់គិត​ចម្រើនសតិ  អត់គិត​ចម្រើន​វិបស្សនា អត់​គិតធ្វើសីល អត់​រៀបចំធ្វើអ្វីៗ​ជាមុន សិនទាំង​អស់ គឺថា​សេចក្តី​ពិតនៃធម៌ពិត ប្រាកដ​មកជាអារម្មណ៍នៃ សេចក្តី​ស្ងប់នូវ​អភិជ្ឈា និង ទោមនស្ស នេះ​ជាសតិប្បដ្ឋាន​ប្បដិបត្តិ ជាភាព​ភ្លឺស្វាង​កម្ចាត់ងងឹត ។
គំនិតដែល​គិតបដិបត្តិ​ធម៌ ហើយរៀបចំ​ជីវិតឱ្យ​ខុសពីប្រក្រតី​ដើម្បី​បដិបត្តិ​ធម៌ ទាំង​ដែលមិន​មែនជាវិហារ​ធម៌ មិនមែនជា អធ្យា​ស្រ័យ បែប​នេះ មិន​ងាយ​សាប​សូន្យពី​បុថុជ្ជនឡើយ ព្រោះ បថុជ្ជុន​ខ្វល់នឹង​ខ្លួនឯង​អស់កាល​ជាអង្វែង​ណាស់មក​ហើយ ហើយ ក៏កំពុង​រសាត់អណ្តែត​តទៅទៀត ព្រោះ​សកម្មភាព​ជា​អភិសង្ខារ។
ដក​ស្រង់​​ចេញ​ពី​សៀវភៅ ជំនួយ​សតិ​ភាគ​១៦ ដែល​រៀប​រៀង​ដោយ​ អគ្គបណ្ឌិត ប៊ុត​-សាវង្


No comments:

Post a Comment