Tuesday, April 12, 2016

របៀបអប់រំចិត្តឱ្យស្ងប់

អប់រំចិត្តឱ្យស្ងប់
ការអប់រំចិត្តឱ្យស្ងប់ដោយវិធី​សមាធិ ឬសមថ​ភាវនា និងម៉្យាង​ទៀត អប់រំ​ឱ្យស្ងប់ផង លះ​ផ្តាច់​ផង ដោយ​វិធី វិបស្សនាភាវនា ។ សមាធិឬ​សមថ​​ភាវនា ចំណុច​​នេះ​​សំដៅ​ដល់​ការ ចង​ចិត្ត​ទុក​ជា​មួយនឹង​អារម្មណ៍សមាធិ​យ៉ាងណាមួយ ។ នៅ ពេល​ណាចិត្តចាប់នូវអារម្មណ៍បាន​ល្អហើយ ពោលគឺ​មិនរវើ​រវាយងាករេទៅក្នុងរឿង​ដទៃ នៅ​ពេលនោះ សេច​ក្តីសុខក៏ កើតឡើង ។

ចិត្ត​បាន​ទទួល​នូវ​​ការសម្រាកជាសុខសម្រាន្ត​មិន​ស្វែង រក ឬសម្លឹងរករបស់​ដទៃទៀតឡើយ មាន​ភាព​ជាខ្លួនឯង និង មានសេចក្តីសុខនៅដោយខ្លួនឯង ពោលគឺមិនមានរវល់ ដោយ​អំណាច​កិលេស​ចូល​មក​រំខាន និ​ង​ចូល​​មក​ដឹក​នាំ​ទៅ ក្នុង​​អារម្មណ៍ផ្សេងៗនោះឯង ។

ការដែលចិត្តរបស់​មនុស្សរវើរវាយ ត្រាច់ទៅនេះ ត្រាច់ទៅនោះ ព្រោះហេតុ​តែស្វែង​រក​នូវ​សេច​ក្តី​សុខ ដោយ អំណាចនៃកាមតណ្ហា ។ លុះដល់ពេលចិត្តបានទទួលនូវ សេចក្តី​សុខ​ដោយ​អារម្មណ៍​របស់សមាធិហើយ មានការពេញ ចិត្តនៅក្នុងអារម្មណ៍​របស់​សមាធិ​នោះ ចិត្តក៏​មាន​នូវ​សេចក្តី សុខ​សម្រាន្ត រាងកាយក៏រឹងបុងឹមាំ​មួន តាំងមាំ​មិនញាប់ញ័រ មិន​ងេង​ងោងងោកងក់ បាត់បង់​អស់នូវការ​ហត់នឿយជាដើម ទាំងនេះ​ព្រោះមកអំពីភាពសុខ​សម្រាន្ត​នៃចិត្ត បាន​ផ្សព្វ​ផ្សាយ​ ទៅ​គ្រប់​សរសៃ​ប្រសាទ និង​គ្រប់​ចំណែក​នៃ​រាងកាយ ។ នៅ ពេល​​ចិត្ត​បាន​ទទួល​សេច​ក្តី​ស្ងប់​​យ៉ាង​នេះហើយ ភាព​ជាសុខ ប្រកបដោយបីតិ បាន​ជ្រួតជ្រាបពេញរាងកាយ អស់កាល ដ៏យូរ អាច​តាំងនៅរហូតដល់មួយថ្ងៃមួយយប់ក៏បាន ។

វិបស្សនាភាវនា ជាបឋមគឺត្រូវស្តាប់ព្រះធម៌ឱ្យ យល់ច្បាស់ ដល់នូវព្រះ​ពុទ្ធព្រះធម៌​ព្រះសង្ឃ​ជា​ទីពឹងទីរលឹក សមាទាន​សីល មានសទ្ធាជឿថាសត្វទាំង​ឡាយប្រព្រឹត្តទៅ តាម​កម្មរបស់ខ្លួន ។

គោលសំខាន់គឺការ​គ្រប់គ្រងចិត្តដោយសតិសម្បជញ្ញៈ ឱ្យចិត្ត​នៅជាមួយនឹង​អារម្មណ៍បច្ចុប្បន្ន ក្នុងពេល​ដេក ដើរ ឈរ អង្គុយ ឬក្នុងពេលបរិភោគអាហារជាដើម ។ វិបស្សនា ភាវនា​គឺជា​ការ​គ្រប់​គ្រងនូវឥន្ទ្រិយ ៦ បានដល់ការសង្រួម ភ្នែក ត្រចៀក ច្រមុះ អណ្តាត កាយ ចិត្ត មិនឱ្យ​អភិជ្ឈា (ស្រឡាញ់ ) ទោមនស្ស (ស្អប់ ) គ្របសង្កត់​ចិត្តបាន នៅ ពេល​ឃើញរូប ឬឮ​សំឡេង​ជា​ដើម ។

វិបស្សនាភាវនា​មានភាពប្រណីតនិងខ្ពស់ជាងឥន្ទ្រិយ​សំវរៈថ្នាក់សីល ប៉ុន្តែចាំ​បាច់ត្រូវ​តែមាន​ជំនួយ​អំពី​ឥន្ទ្រិយ​សំវរ​សីល ព្រោះឥន្ទ្រិយសំវរសីល ជាអាហារនៃសុចរិត ៣ (គឺកាយសុចរិត វចី​សុចរិត និង​មនោសុចរិត ) សុចរិត ៣ ជា អាហារនៃសតិប្បដ្ឋាន ៤ ឯការអប់រំ​ចម្រើន​នូវ​សតិប្ប​ដ្ឋាន ៤  ជាការចម្រើនវិបស្សនាភាវនា ។

ឥន្ទ្រិយ​សំវរសីល មិនមែនជាការស្រាវជ្រាវ​រាវរក សេចក្តីពិតក្នុង​អារម្មណ៍​ជាបរមត្ថឡើយ គ្រាន់​តែ​ប្រៀបបីដូច ជាអ្នកយាមទ្វារប៉ុណ្ណោះ ។ ឯចំណែកការចម្រើនសតិប្បដ្ឋាន វិញ គឺជា​កម្រិត​នៃ​សតិ​ដែល​មាន​ការហ្វឹកហាត់ខ្ពស់ជាង កម្រិតសតិថ្នាក់សំវរសីល ។ ជាសតិ​ផ្នែក​តាម​ដាន​ស្រាវជ្រាវ និងនាំមកនូវបញ្ញាចែកខន្ធធាតុអាយតនៈ ដុសខាត់កម្ចាត់នូវ មោហៈ​អវិជ្ជា ដែល​មោហៈ​អវិជ្ជា​នេះនាំឱ្យវង្វេងប្រកាន់ខន្ធ ធាតុអាយតនៈថា ជាសត្វបុគ្គលតួខ្លួន ។

អរិយមគ្គអង្គ ៨ បើសង្គ្រោះជាសិក្ខា ៣ គឺសម្មាទិដ្ឋិ និងសម្មាសង្កប្បៈ ជាបញ្ញាសិក្ខា សម្មា​វាចា សម្មា​កម្មន្តៈ និង សម្មាអាជីវៈជាសីលសិក្ខា ឯអង្គមគ្គ ៣ ទៀតគឺសម្មាវាយាមៈ សម្មា​សតិ និង​សម្មាសមាធិ ជា​សមាធិសិក្ខា ឬចិត្តសិក្ខា។

បើសង្គ្រោះជាវិជ្ជានិងចរណៈ សម្មាទិដ្ឋិ និងសម្មា​សង្កប្បៈ ជាវិជ្ជា ឯអង្គមគ្គ​ផ្សេងៗ​ទៀត​ជា​ចរណៈ ​។ បើសង្គ្រោះជាសមថៈ និងវិបស្សនាវិញ សម្មាទិដ្ឋិ និង សម្មាសង្កប្បៈ ជាវិបស្សនា ក្រៅពីនេះ​ជាសមថៈ ដូច្នេះ សីលសិក្ខា ត្រូវចូលក្នុងក្រុមសមថៈ ឬក្រុមចរណៈ (ការ សង្គ្រោះ​នេះមាន​ក្នុង​អដ្ឋកថាសច្ចវិភង្គ គម្ពីរអភិធម្ម ) ។

ពិតមែនតែជាបឋម សតិប្បដ្ឋាន ៤  មានអារម្មណ៍ជា បច្ចុប្បន្ន តែលុះដល់បញ្ញា​មានកា​រ​ចម្រើន​ខ្លាំងក្លា បញ្ញាក៏ មានការពិចារណា ឃើញច្បាស់នូវអារម្មណ៍ជាបរមត្ថគ្រប់ កាលទាំង ៣ ឃើញ​បច្ច័យនៃបញ្ចក្ខន្ធ ឃើញបដិច្ចសមុប្បាទ​ធម៌ដែលជាសង្ខារធម៌សុទ្ធ ។

បញ្ញាឃើញសង្ខារធម៌ មានតែការអស់ទៅ សូន្យទៅ  ត្រូវនាំមកនូវអានិសង្ស ៨ ប្រការ ៖ 
១-មានការលះបង់នូវភវទិដ្ឋិ  ( យល់ថាមានព្រលឹង តួខ្លួនត្រូវទៅកើតក្នុងភពថ្មី ក្រោយ​ពី​ស្លាប់  ព្រោះមិនបាន ឃើញថា បដិសន្ធិជាផលវិបាករបស់កម្ម នេះជាភវទិដ្ឋិ  ) ។
២-មានការលះបង់នូវសេចក្តីត្រេកអរ និងសេចក្តីត្រូវ ការប្រាថ្នាក្នុងជីវិត (នេះមិន​មែនជា​បែប​ទោមនស្ស របៀប ដូចមនុស្សខ្លះមិនប្រាថ្នាការរស់នៅនោះឡើយ អានិសង្សទី ២ នេះ សំដៅ​ត្រង់ប្រាស​ចាកតណ្ហាក្នុងជីវិត ) ។
៣-មានភាពស្ទុះស្ទាប្រឹងប្រែង ស្វែងរកបុណ្យកុសល គ្រប់ពេល និងគ្រប់​ផ្នែកដែល​អាច​បំពេញ​បាន ។
៤-មានអាជីពបរិសុទ្ធ ។
៥-មានការលះបង់នូវសេចក្តីខ្វល់ខ្វាយ ក្នុងការធ្វើ បាប ។
៦-មានការប្រាសចាកនូវភ័យ ។
៧-បាននូវខន្តី និងសោរច្ចៈ ។
៨-កម្ចាត់បង់បាននូវការស្រឡាញ់ និងការស្អប់ មិន បង្កប់នូវគំនុំ​ទុកក្នុងសន្តាន ។

វិបស្សនាភាវនា គឺជាភ្លើងដុតនូវបាបធម៌ និងកិលេស ផ្សេងៗ ឱ្យរីងស្ងួត រហូតដាច់​ជា​សមុច្ឆេទ លែងត្រឡប់មក វិញ ព្រោះការបានសម្រេចនូវអរិយមគ្គជាលោកុត្តរ ។ នេះ ជា​សេច​ក្តីស្ងប់ដោយអំណាចវិបស្សនាភាវនា ។

រួម​សេច​ក្តីថា ឧបសមៈ គឺសេចក្តីស្ងប់នេះ ជាគុណ​ជាតិដែលចាំបាច់ដ៏ក្រៃលែង សម្រាប់ជីវិត​ប្រចាំ​ថ្ងៃ ដោយ ចំពោះណាស់នោះគឺស្ងប់ចាកកិលេសដែលជាហេតុនៃសេចក្តី ខ្វល់​ខ្វាយ និង​ការជំពាក់វាក់វិនទាំងឡាយ ។ 

បើមនុស្សក្នុង លោកយើងនេះ ជួយនាំ​គ្នារម្ងាប់​នូវកិលេស​ក្នុង​សន្តាននៃខ្លួន ឯង គ្រប់ៗគ្នា ពិភពលោកយើងនេះ នឹងបានសុខស្ងប់ត្រជាក់ ជាងសព្វថ្ងៃ រាប់​រយ​ពាន់ដង ព្រោះកិលេស​ដែល​មាននៅ ខាងក្នុងសន្តាននៃមនុស្សយើងម្នាក់ៗនោះឯង បានប្លែងឫទ្ធិ ចេញមក​ទម្លាយ​គ្នា​នឹង​គ្នាឱ្យក្តៅក្រហាយ ក្រវល់ក្រវាយជា និច្ចរហូតមក ។

ការជួយគ្នារក្សានូវសេចក្តីស្ងប់ក្នុងចិត្តរៀងៗ ខ្លួន គឺជាការជួយដល់ពិភពលោក ជួយដល់​សង្គម​ដ៏ធំ ឱ្យបាន ស្ងប់មាំមួន និងគង់វង្សឋិតថេរជាពិតប្រាកដ ។ធម្មទានដោយឧបាសកឡេង ពិសិទ្ធ៕

No comments:

Post a Comment