រឿងព្រះនាគសមាលត្ថេរ(បិដកលេខ ៧២ ទំព័រ ២៦៩ និងអដ្ឋកថា)
សូម្បីព្រះនាគសមាលត្ថេរនេះ ក៏បានបំពេញបុញ្ញសម្ភារមក ក្នុងកាលនៃព្រះសម្មាសម្ពុទ្ធអង្គមុនៗ ការសន្សំបុណ្យទាំងឡាយ ដែលជាឧបនិស្ស័យនៃព្រះនិព្វាន ក្នុងភពមួយនោះ បានកើតក្នុងផ្ទះមានត្រកូល ក្នុងកាលនៃព្រះមានព្រះភាគ ព្រះនាមសិខី ពេលដែលព្រះសាស្ដាទ្រង់គង់ព្រះជន្មនៅ ដឹងក្ដីហើយនៅគ្រប់គ្រងផ្ទះ រវល់តែជាប់ជំពាក់ក្នុង(ការងារ) មិនទាន់មានសេចក្ដីជ្រះថ្លា មិនបានធ្វើកម្មគឺ ការឃើញ ការឮ និងការបូជាចំពោះព្រះអង្គឡើយ តែកាលព្រះសាស្ដាទ្រង់បរិនិព្វានហើយ ទើបញ៉ាំងចិត្តឲ្យជ្រះថ្លាក្នុងព្រះចេតិយ ដែលតម្កល់ព្រះសារីរិកធាតុនៃព្រះមានព្រះភាគអង្គនោះ ហើយបានបូជាបាដលិបុប្ឆា(ផ្កាច្រនៀង) ញ៉ាំងសោមនស្សឲ្យកើតឡើង រស់នៅរហូតអស់អាយុ។ ដោយសាមនស្សនោះឯង លុះធ្វើកាលកិរិយាអំពីអត្តភាពនោះហើយ ទើបសោយសុខក្នុងទេវលោកទាំង៦ជាន់ក្រោយមក សោយសម្បត្តិមនុស្ស ក្នុងឋានមនុស្សទាំងឡាយក្នុងពុទ្ធុប្បាទនេះ បានកើតក្នុងផ្ទះមានត្រកូលមួយ មានឈ្មោះហៅ ដែលមាតាបិតាដាក់ឲ្យថា នាគសមាលៈ ព្រោះមានសរីរៈដូចត្រួយដ៏ស្រទន់នៃដើមខ្ទឹម មានសេចក្ដីជ្រះថ្លាក្នុងព្រះភគវាបួសហើយ មិនយូរប៉ុន្មាន ក៏បានជាព្រះអរហន្ត។ក្នុងកាលជាខាងក្រោយមក លោករលឹកឃើញនូវបុព្វកម្មរបស់ខ្លួន ហើយក៏កើតសោមនស្ស កាលនឹងប្រកាសនូវអំពើដែលខ្លួនបានប្រព្រឹត្តហើយក្នុងកាលមុននោះ ឲ្យប្រាកដច្បាស់ទើបខ្លួនបានប្រព្រឹត្តហើយក្នុងកាលមុននោះ ឲ្យប្រាកដច្បាស់ទើបពោលគាថាទាំងនេះថា៖ខ្ញុំបានរើសផ្កាច្រនៀង ដែលគេបោះចោលក្នុងផ្លូវធំ ដោយអើពើ ហើយលើកឡើងបូជា លើព្រះស្កូប(ដែលតម្កល់ ព្រះសារីរិកធាតុ) នៃព្រះសិខី ជាផៅពង្សនៃលោក។ក្នុងកប្បទី៣១ រាប់អំពីភទ្ទកប្បនេះទៅ (ព្រោះតែហេតុ) ខ្ញុំបានធ្វើកម្មឯណាហើយក្នុងកាលមុខ ខ្ញុំមិនដែលស្គាល់ទុគ្គតិឡើយ នេះជាផលនៃការបូជាព្រះស្ដូប។ក្នុងកប្បទី១៥ រាប់អំពីភទ្ទកប្បនេះទៅ ខ្ញុំបានជាស្ដេចចក្រពត្តិឈ្មោះ បុប្ផិយៈ (ភូមិយៈ) បរិបូណ៌ដោយរតនៈ៧ប្រការមានកម្លាំងច្រើន។បដិសម្ភិទា ៤ វិមោក្ខ៨ និងអភិញ្ញា៦ ខ្ញុំបានធ្វើឲ្យជាក់ច្បាស់ហើយ ទាំងព្រះពុទ្ធសាសនា (សាសនារបស់ព្រះពុទ្ធ) ខ្ញុំក៏បានប្រតិបត្តិហើយ។បានឮមកថា ព្រះនាគសមាលត្ថេរមានអាយុ បានសម្ដែងនូវគាថាទាំងនេះ ដោយប្រការដូច្នេះ។
នាគសមាលត្ថេរាបទាន និង អដ្ឋកថាឈ្មោះវិសុទ្ធជនវិលាសិនី ចប់
ធម្មទានដោយឧបាសក ឡេង
No comments:
Post a Comment