Friday, April 15, 2016
ដំណើរត្រាស់ដឹងរបស់ព្រះពុទ្ធអង្គ
ដំណើរត្រាស់ដឹងរបស់ព្រះពុទ្ធអង្គ
ព្រះពោធិសត្វខំប្រឹងប្រព្រឹត្តនូវតបកម្ម ជាទុក្ករកិរិយា ដែលសត្វលោកធ្វើបានដោយលំបាក នាដងភ្នំដង្កេស្វារី។ បញ្ចវគ្គិយតាបសទាំង ៥ រូបមានកោណ្ឌរូបមានកោណ្ឌញ្ញៈ ភទ្ទិយ វប្បៈ មហានាម អស្សជិ ជាអ្នកខ្វល់ខ្វាយក្នុងកិច្ចប្រព្រឹត្តតបកម្ម ដោយយល់ឃើញថា ការប្រព្រឹត្តធ្វើយ៉ាងនេះ នឹងបានសម្រេចនូវមោក្ខធម៌ ជាទីក្សេម រួចផុតចាកកិលេសទាំងពួងមិនខាន។
តែអត្តកិលមថានុយោគនោះ ដែលព្រះពោធិសត្វខំប្រឹងប្រព្រឹត្តអស់ ៦ ឆ្នាំមិនបានសម្រេចជាប្រយោជន៍អ្វីទាំងអស់ ក្រៅពីប្រព្រឹត្តខ្លួនឲ្យជាទុក្ខនោះឡើយ។ ថ្ងៃមួយព្រះពោធិសត្វពិចារណាថា ជនអ្នកបំពេញទុក្ករកិរិយាក្នុងលោកនេះ ប្រាកដស្មើដោយយើងមិនមានឡើយ ជនអ្នកអាចបំពេញ ទុក្ករកិរិយាឲ្យក្រៃលែងជាងនេះក៏មិនមានដែរ នេះមិនមែនជាផ្លូវត្រាស់ដឹងកាលយើងអង្គុយបំពេញសមាធិក្រោមដើមព្រីងនោះ ជាផ្លូវត្រាស់ដឹងទេដឹង? យើងមានរាងកាយចុះខ្សោយទ្រុឌទ្រោមយ៉ាងនេះ មិនអាចចម្រើនឋសមាធិនោះបានឡើយ បើដូច្នោះ មានតែអាត្មាអញទំនុកបម្រុងរាងកាយដោយការបរិភោគអាហារទើបអាចចម្រើនសមាធិបាន។ពេលនោះព្រះពោធិសត្វកាន់បាត្រ ចូលទៅបិណ្ឌបាតក្នុងសេនានិគមហើយឆាន់ចង្ហាន់ត្រឹមពីរបីថ្ងៃ ព្រះវរកាយដ៏មានកម្លាំងប្រកបដោយមហាបុរសលក្ខណៈ ៣២ ប្រការ មានពណ៍សម្បុរដូចជាមាសជាទីប្រក្រតីឡើងវិញ។
គ្រានោះ ពួកបញ្ចវគ្គិយតាបសនាំគ្នាថា មហាបុរសនេះ បំពេញទុក្ករកិរិយាដល់ទៅ ៦ ឆ្នាំ ក៏នៅតែមិនអាចធ្វើឲ្យជាក់ច្បាស់នូវសព្វញ្ញុតញ្ញាណឥឡូវនេះត្រាច់ទៅបិណ្ឌបាត្រក្នុងស្រុក និងនិគមជាដើម សោយអាហារ តើនឹងអាចត្រាស់ដឹងបានដូចម្ដេចទៅ? មហាបុរសនេះ ជាអ្នកប្រាថ្នាលាមកឃ្លៀងឃ្លាតចាកព្យាយាម តើមានប្រយោជន៍អ្វី ដែលពួកយើងនៅជាមួយ មហាបុរសនេះទៀត។ កាលពួកបញ្ចវគ្គិយតាបស ទាំងនោះគិតគ្នាយ៉ាងនេះហើយ ក៏នាំគ្នាលះបង់ព្រះពោធិសត្វ ទៅនៅក្នុង ព្រៃឥសិបតនមិគទាយវ័ន ដើម្បីបំពេញទុក្ករកិរិយាបន្តទៀត។
ក្នុងពេលជិតភ្លឺ ថ្ងៃ១៤ កើត ព្រះពោធិសត្វទ្រង់ឃើញមហាសុបិនជាបុព្វនិមិត្ត ៥ ប្រការគឺ
១- ព្រះពោធិសត្វទ្រង់សុបិនឃើញ ព្រះអង្គសឹងលើមហាប្រឹថពី ស្ដេចភ្នំឈ្មោះហិមវន្តជាខ្នើយ ព្រះហស្ដឆ្វេងសណ្ដូកចុះក្នុង សមុទ្រខាង កើត ព្រះហស្ដស្ដាំសណ្ដូកចុះក្នុងសមុទ្រខាងលិច ព្រះបាទទាំងគូសណ្ដូក ចុះក្នុងសមុទ្រខាងត្បូង។
២- ព្រះពោធិសត្វទ្រង់សុបិនឃើញស្មៅចិញ្ចៀន ១ សរសៃ ដុះលេចអំពីផ្ចិតទៅទល់នឹងអាកាស។
៣- ព្រះពោធិសត្វទ្រង់សុបិនឃើញ មានពួកសត្វដង្កូវខ្លួនស ក្បាលខ្មៅវារចេញអំពីព្រះបាទទាំងគូ ចាប់ផ្ដើមអំពីចុងក្រចក ចោមរោមជិត ដរាបដល់មណ្ឌលនៃជង្គង់។
៤- ព្រះពោធិសត្វទ្រង់សុបិនឃើញមានសត្វបក្សី ៤ ពួក មានសម្បុរផ្សេងៗគ្នា ហើរមកអំពីទិសទាំង ៤ មកក្រាបចុះទៀបបាទមូល ក៏ត្រឡប់ជាមានសម្បុរសទាំងអស់ទៅវិញ។
៥- ព្រះពោធិសត្វទ្រង់សុបិនឃើញ ព្រះអង្គចង្ក្រមលើភ្នំលាមកដ៏ធំមិនបានប្រឡាក់ដោយលាមកឡើយ។
ដកស្រង់ចេញពីសៀវភៅ រស់ក្រោមម្លប់ព្រះធម៌
រៀបរៀងដោយ ភិក្ខុ ចិន្តកវី ទូច ចន្ថា
Subscribe to:
Post Comments (Atom)
No comments:
Post a Comment