លក្ខណៈមនុស្សពូកែ
មនុស្សយើងពូកែផ្សេងៗគ្នា ខ្លះពូកែខ្លាំង ខ្លះពូកែល្មម ខ្លះពូកែច្រើនមុខ ខ្លះពូកែតែមួយមុខ។ ភាពខ្លាំងពូកែរបស់មនុស្សយើងនេះឯង ធ្វើឲ្យមនុស្សយើងអាចរស់នៅបាន ព្រោះយកភាពខ្លាំងពូកែរបស់ខ្លួននោះមកប្រើក្នុងការប្រកបអាជីវកម្ម ចិញ្ចឹមជីវិតព្រមទាំងក្រុមគ្រួសារ។ អ្នកណាពូកែខ្លាំង អ្នកនោះក៏បានផលតបស្នងច្រើន អ្នកណាពូកែល្មម អ្នកនោះក៏បានផលថយចុះទៅតាមភាពពូកែរបស់ខ្លួននោះៗ។
មនុស្សល្អ មានលក្ខណៈសំគាល់នៅត្រង់ការដឹងគុណ និងតបគុណ យ៉ាងណា មនុស្សពូកែក៏មានលក្ខណៈជាគ្រឿងសម្គាល់ យ៉ាងនោះដែរ។
លក្ខណៈរបស់មនុស្សពូកែ ក៏គឺ ការងារ ហ្នឹងឯង។
នៅក្នុងមង្គលសូត្រ ព្រះសម្មាសម្ពុទ្ធព្រះអង្គទ្រង់ត្រាស់សម្ដែងថា សិប្ប ជាមង្គលដ៏ឧត្តម ១ ក្នុងមង្គល ៣៨ ប្រការ។ សិប្ប គឺជាសិល្បៈ បានដល់ស្នាដៃដែលសម្ដែងចេញមកអំពីការចេះដឹង បញ្ជាក់អំពីសមត្ថភាពដែលខ្លួនមាន។ មនុស្សដែលមានសិល្បៈ គឺជាមនុស្សដែលមានស្នាដៃក្នុងការងារ មិនថាការងារនោះត្រូវប្រើដៃប្រើជើង ឬប្រើមាត់ឡើង សុទ្ធតែអាចហៅបានថា ជាមនុស្សមានស្នាដៃទាំងអស់។ មនុស្សដែលមានស្នាដៃធ្វើការងារបានល្អ បញ្ចេញនូវសមត្ថភាព និងចំណេះដឹងឲ្យប្រាកដ ចាត់ថាជាមនុស្សពូកែក្នុងទីនេះ។
មនុស្សដែលមានការចេះដឹង និងចងចាំបានច្រើនលោកហៅថា ពហុស្សូត ប៉ុន្តែពហុសូត្រនោះ ប្រសិនបើនៅមិនទាន់បញ្ចេញស្នាដៃមកទេ គឺមិនទាន់ធ្វើការងារឲ្យប្រាកដ ក៏នៅមិនទាន់ចាត់ថាជាមនុស្សពូកែក្នុងសិល្បៈដែរព្រោះសិល្បៈនោះ ត្រូវសម្ដែងបញ្ចេញមកឲ្យគេដឹងបាន គឺសម្រេចបានមកជាកិច្ចការងារ ទាំងដែលជាការងារប្រាសចាកទោសទៀតផង ទើបជាមង្គលដ៏ឧត្ដម។
តាមប្រក្រតីនៃមនុស្សភាគច្រើន ដែលមានស្នាដៃគឺមនុស្សដែលបានរៀនសូត្រពូកែមកហ្នឹងឯង ព្រោះបានប្រើនូវចំណេះដឹងដែលមាន ឲ្យសម្រេចជាការងារមានស្នាដៃល្អ។ ការងារដែលចាត់ជាសិល្បៈនោះ មានច្រើនបែប ដូចជាការសរសេរ ការនិយាយ ការសម្ដែងដោយកាយ និងការងារជាប្រយោជន៍ច្រើនទៀតសម្រាប់សង្គមទូទៅ។ អ្នកណាស្ទាត់ផ្នែកណា និងធ្វើបានល្អខ្លាំងពូកែរហូតដល់អ្នកដទៃធ្វើមិនបាន ឬថាពូកែដាច់ទៅតែម្នាក់ឯង ដូច្នេះកេរ្តិ៍ឈ្មោះ កិត្តិយស រួមទាំងលុយកាក់ក៏រមែងហូរចូលលមក។
ភាពខ្លាំងពូកែនៃមនុស្សម្នាក់ៗ ទាំងប្រកបដោយសីលធម៌ផងនោះ គឺជាអណ្ដូងកើតនៃសេចក្ដីចម្រើនឈានទៅមុខ។
ដើម្បីឲ្យបានជាមនុស្សពូកែ ត្រូវរៀនផងធ្វើផងព្រមដោយកុសលឆន្ទៈ គឺពេញចិត្តនឹងធ្វើនូវការងារដែលប្រាសចាកទោស។ ត្រូវហ្វឹកហាត់ឲ្យរឿយៗ ដោយសេចក្ដីអត់ធន់ដើម្បីការងារបានល្អ និងមានព្យាយាមទើបការងារបានសម្រេច។ ត្រូវចាំថា មនុស្សសាងការងារ ការងារសាងមនុស្ស។
ការដែលគ្រាន់តែនិយាយថា ចង់បានយ៉ាងនេះចង់បានយ៉ាងនោះ គឺមិនអាចសម្រេចផលបានឡើយ ត្រូវធ្វើតាមដែលនិយាយផង ឬត្រូវធ្វើឲ្យសម្រេចតាមដែលប្រាថ្នា ទើបជាមនុស្សពូកែពិត។
កើតមកជាមនុស្ស បើមិនពូកែអ្វីច្រើនមុខ ក៏ត្រូវឲ្យពូកែមួយមុខដែរ ហើយត្រូវតែពូកែពិតៗ ដែលអាចចិញ្ចឹមជីវិតបានផង ជាកិត្តិយសផង និងជាប្រយោជន៍ដល់សង្គមផង។
No comments:
Post a Comment