ភទ្ទិត្ថិកាវិមាន
ព្រះមានព្រះភាគ ត្រាស់សួរថា នាងមានសម្បុរខៀវផង លឿងផង ខ្មៅផង ហង្សបាទផង ក្រហមផង ចោមរោមដោយលំអងនៃផ្កា មានពណ៌ផ្សេងៗ ទ្រទ្រង់នូវកម្រងផ្កាមន្ទាបុស្សនៅលើក្បាល ម្នាលនាងមានប្រាជ្ញាល្អ ដើមឈើនេះ ក្នុងពួកទេវតាដទៃគ្មានទេ ម្នាលនាងមានយស នាងកើតក្នុងពួកទេវតានៅក្នុងស្ថានត្រៃត្រឹង ដោយបុណ្យអ្វី ម្នាលទេវធីតា តថាគតសួរហើយ នាងចូរប្រាប់មក ផលនៃកម្មនេះ ដូចម្តេច ។
ទេវតានោះតបថា ជនទាំងឡាយស្គាល់ខ្ញុំថា ភទ្ទិត្ថិកា ខ្ញុំជាឧបាសិកា នៅក្នុងកិម្ពិលានគរ បរិបូណ៌ដោយសទ្ធា និងសីល ត្រេកអរក្នុងការចែករំលែកនូវទាន សព្វកាល ខ្ញុំមានចិត្តជ្រះថ្លាហើយ ក្នុងពួកបុគ្គលមានចិត្តត្រង់ បានឲ្យគ្រឿងស្លៀកដណ្តប់ ភត្តសេនាសនៈ នឹងគ្រឿងប្រទីប ខ្ញុំរក្សានូវឧបោសថប្រកបដោយអង្គ ៨ អស់ថ្ងៃ ទី១៤ ទី១៥ និងទី ៨ នៃបក្ខផង អស់បាដិហារិយបក្ខផង ជាអ្នកសង្រួមល្អក្នុងសីលទាំងឡាយ សព្វកាលវៀរចាកបាណាតិបាត សង្រួមចាក មុសាវាទ ឆ្ងាយចាក់ការលួច ចាកការប្រព្រឹត្តកន្លង (ចិត្តស្វាមី) និងការផឹកនូវទឹកស្រវឹង ត្រេកអរក្នុងសិក្ខាបទទាំង ៥ ឈ្លាសវៃក្នុងអរិយសច្ច ជាឧបាសិការបស់ព្រះគោតមព្រះអង្គមានបញ្ញាចក្ខុ មានការនៅដោយសេចក្តីមិនធ្វេសប្រហែស មានឱកាសនៃសេចក្តីសុចរិតហើយ មានកុសលបានធ្វើហើយ ច្យុតអំពីទីនោះមក មានពន្លឺភ្លឺដោយខ្លួនឯង ត្រាច់ទៅកាន់នន្ទនវ័ន ខ្ញុំបានញ៉ាំងពួកភិក្ខុ អ្នកអនុគ្រោះដោយប្រយោជន៍ដ៏ក្រៃលែង និងគូនៃសាវ័កដែលមានតបៈ និងព្រះមហាមុនីឲ្យសោយអាហារ ខ្ញុំមានឱកាសធ្វើហើយ មានកុសលបានធ្វើហើយ ច្យុតអំពីទីនោះមក មានពន្លឺភ្លឺដោយខ្លួនឯង ត្រាច់ទៅកាន់នន្ទនវ័ន ខ្ញុំរក្សានូវឧបោសថប្រកបដោយអង្គ ៨ រកប្រមាណមិនបាន នាំមកនូវសេចក្តីសុខសព្វកាល ខ្ញុំមានឱកាសធ្វើហើយ មានកុសលបានធ្វើហើយ ច្យុតអំពីទីនោះមក មានពន្លឺភ្លឺដោយខ្លួនឯង ត្រាច់ទៅកាន់នន្ទនវ័ន ។
No comments:
Post a Comment