រឿងបីតវិមាន(បិដកលេខ៥៥ ទំព័រ៩៩ និងអដ្ឋកថា)
បីតវិមាននោះ មានរឿងកើតឡើងដូចម្ដេច? (មានរឿងកើតឡើងថា) កាលព្រះមានព្រះភាគ ទ្រង់រលត់ខន្ធបរិនិព្វានទៅ ព្រះបាទអជាតសត្តុ ទ្រង់បានដង្ហែព្រះបរមសារីរិកធាតុដែលព្រះអង្គបានទទួលចំណែក(អំពីក្រុងកុសិនារា)មក ហើយបានកសាងព្រះស្ដូប និងធ្វើបុណ្យឆ្លង ឧបាសិកាក្នុងក្រុងរាជគ្រឹះម្នាក់ មានកតសរីរបដិបជ្ជនា (គឺមានការរៀបរយខ្លួនប្រាណបានត្រឹមត្រូវល្អ) តាំងអំពីព្រឹកជាស្រេច គិតថា អញនឹងបូជាព្រះស្ដូបរបស់ព្រះសាស្ដា ហើយកាន់ផ្កាននោងព្រៃ៤ទងតាមដែលខ្លួនបានមកហើយ មានចិត្តគឺកម្លាំងសទ្ធាលើកឡើងហើយ មិនបានគិតពិចារណាដល់អន្តរាយតាមផ្លូវ ដើរមានមុខ(គឺចិត្តគិត) ឆ្ពោះទៅកាន់ព្រះស្ដូបតែប៉ុណ្ណោះដើរទៅ។ ពេលនោះ មេគោមានកូនខ្ចី ក៏ស្ទុះរត់យ៉ាងលឿន ជល់គាត់វ័ធដោយស្នែង ធ្វើឲ្យដល់នូវការអស់ជីវិតទៅ។ នាងក៏ទៅកើតក្នុងឋានសួគ៌ជាន់តាវតិង្ស ដោយហេតុនោះឯង កាលសក្កទេវរាជ ទ្រង់យាងទៅដើម្បីកីឡា (ការលេង) ក្នុងឧទ្យាន នាងមានខ្លួនប្រាកដ ព្រមទាំងទេវរថ គ្របសង្កត់នូវទេពធីតាទាំងអស់ដោយរស្មីនៃសរីរៈរបស់ខ្លួន ក្នុងកណ្ដាលនៃទេពអប្សរជាស្រីរបាំពីរកោដិកន្លះ ដែលជាបរិវារ។ សក្កទេវរាជ ទ្រង់ទតឃើញនាងទេពធីតាថ្មីនោះ ទើបមានព្រះទ័យស្ងើច ស្ងប់ស្ងែង កើតអស្ចារ្យចំឡែក(មិនធ្លាប់មាន) ទ្រង់មានព្រះតម្រិះថា យី! ទេពធីតាអង្គនេះ មានទេវឫទ្ធិដ៏ធំមហិមា មានសភាពបែបនេះ ព្រោះកម្មធំក្រៃលែងដូចម្ដេចហ្ន៎!? ដូច្នេះហើយ ត្រាស់សួរ ទេពធីតានោះ ដោយគាថាទាំងនេះថា៖
ម្នាលនាងដ៏ចម្រើន (នាង)មានសំពត់លឿង មានទង់លឿង ស្អិតស្អាងដោយគ្រឿងអលង្ការលឿង មានអវយវៈលាបស្រលាបដោយខ្លឹមចន្ទន៍លឿង ទ្រទ្រង់ផ្កាឧប្បលលឿង មានប្រាសាទលឿង មានទីដេកលឿង មានឆត្រលឿង មានរថលឿង មានសេះលឿង មានវីជនី(ផ្លិត)លឿង នាងបានធ្វើអំពើដូចម្ដេចក្នុងកាលមុននៃភាពជាមនុស្ស? ម្នាលនាងទេពធីតា យើងសួរហើយ នាងចូរប្រាប់ នេះជាផលនៃកម្មអ្វី?
នាងទេពធីតានោះ ទូលប្រាប់ដោយគាថាទាំងនេះថា៖
បពិត្រព្រះអង្គដ៏ចម្រើន វល្លិ៍ននោងព្រៃ ជាជាតិវល្លិ៍ល្វីងដែលគេមិនត្រូវការ ខ្ញុំម្ចាស់មានចិត្តជ្រះថ្លា បាននាំផ្កាននោងព្រៃនោះ៤ទង ទៅបូជាព្រះស្ដូប ឧទ្ទិសព្រះសារីរិកធាតុរបស់ព្រះសាស្ដា ខ្ញុំម្ចាស់កំពុងតែមានចិត្តជ្រះថ្លា ប្រព្រឹត្តទៅក្នុងព្រះធាតុនោះ មិនបានក្រឡេកមើលផ្លូវជាទីមកនៃគោ គ្រានោះមេគោមកជល់ខ្ញុំម្ចាស់ ដែលមានចិត្ត(មនោរថ) មិនទាន់ដល់ព្រះស្ដូបផង(ឲ្យស្លាប់ទៅ) តែបើខ្ញុំម្ចាស់បានសន្សំបុណ្យនោះ(សម្រេចតាមបំណង) ម្លេះសមជាមានទ្រព្យសម្បត្តិដ៏ច្រើន លើសលប់ជាងនេះទៅទៀត បពិត្រព្រះមឃវៈជាទេវកុញ្ជរ ខ្ញុំម្ចាស់បានលះបង់នូវរាងកាយរបស់មនុស្សហើយ ទើបមកកើតជាមួយព្រះអង្គ ព្រោះកម្មនោះ។
គាថានេះ ជាពាក្យរបស់ពួកធម្មសង្គាហកាចារ្យថា ព្រះឥន្ទ្រនាម មឃវៈ ជាធំជាងពួកទេវតាក្នុងជាន់ត្រៃតិង្ស ទ្រង់ស្មើដោយដំរីកុញ្ជរ ក្នុងពួកទេវតា បានព្រះសណ្ដាប់នូវពាក្យនោះហើយ កាលទ្រង់ញ៉ាំងពួកទេវតាជាន់តាវត្តិង្សឲ្យជ្រះថ្លា ទើបបានត្រាស់ពាក្យនេះ នឹងមាតលីទេវបុត្ត។
លំដាប់នោះ សក្កទេវរាជបានសម្ដែងធម៌ដល់ពួកទេវតាមាន មាតលីទេវបុត្តជាប្រមុខ ដោយគាថាទាំងនេះថា៖
ម្នាលមាតលី អ្នកចូរមើលនូវផលនៃកម្មដ៏វិចិត្រអស្ចារ្យនេះ ទេយ្យវត្ថុសូម្បីបន្តិចបន្តួច ដែលគេធ្វើហើយ ជាបុណ្យមានផលច្រើន។
កាលបើចិត្តជ្រះថ្លាហើយ ក្នុងព្រះតថាគតសម្មាសម្ពុទ្ធក្ដីក្នុងសាវករបស់ព្រះអង្គក្ដី ទក្ខិណា មិនឈ្មោះថាមានផលតិចតួចឡើយ។
ម្នាលមាតលី អ្នកចូរមក យើងនឹងនាំគ្នាទៅបូជាព្រះសារីរិកធាតុរបស់ព្រះតថាគត ឲ្យក្រៃលែង ឲ្យអស្ចារ្យព្រោះថា ការសន្សំបុណ្យ នាំមកនូវសេចក្ដីសុខ។
ព្រះមានព្រះភាគទ្រង់ធរមាននៅក៏ដោយ បរិនិព្វានទៅហើយក៏ដោយ កាលបើចិត្តស្មើ ផលក៏ស្មើ ព្រោះថាសត្វទាំងឡាយ ទៅកាន់សុគតិ ដោយសារតែការតម្កល់ចិត្តឲ្យល្អជាហេតុ។
ឱ! ទាយកទាំងឡាយ តែងទៅកាន់ឋានសួគ៌បាន ព្រោះធ្វើការបូជា ចំពោះព្រះតថាគតទាំងឡាយ ព្រះតថាគតទាំងឡាយនោះ ទ្រង់កើតឡើង ដើម្បីជាប្រយោជន៍ដល់ជនច្រើនហ្ន៎!។
លុះសក្កៈជាធំជាងទេវតា ទ្រង់ត្រាស់យ៉ាងនេះហើយទើបធ្វើការខ្វល់ខ្វាយ ការលេងក្នុងឧទ្យាន ឲ្យរម្ងាប់ចុះទៅ (គឺឈប់ទៅលេងក្នុងឧទ្យាន) យាងត្រឡប់ចេញអំពីឧទ្យាននោះវិញ ហើយទ្រង់ក៏ធ្វើការបូជាអស់៧ថ្ងៃ ក្នុងព្រះចូឡាមណីចេតិយ ជាស្ថានទីដែលព្រះអង្គទ្រង់បូជារឿយៗ។ សម័យតមកព្រះអង្គបានប្រាប់រឿងនោះ ដល់ព្រះថេរៈនាមនារទៈ ដែលត្រាច់ចារិកទៅកាន់ទេវលោក ដោយគាថាទាំងនេះឯង។ ព្រះថេរៈបានប្រាប់ដល់ព្រះធម្មសង្គាហកាចារ្យទាំងឡាយ ពួកលោក ទើបបានលើករឿងនោះឡើងកាន់សង្គាយនា ដោយប្រការដូច្នោះ។
No comments:
Post a Comment