រឿងប្រេតអ្នកពោលតិះដៀលការបូជាព្រះសារីរិកធាតុ
(បិដកលេខ៥៦ ទំព័រ៨៨ និងអដ្ឋកថា)
កាលព្រះមានព្រះភាគ ស្ដេចទ្រង់បរិនិព្វាន ទៅចន្លោះដើមសាលព្រឹក្សទាំងគូក្នុងសាលវ័ន នៃពួកមល្លក្សត្រ ដែលជាទីឆៀងចូលទៅក្នុងក្រុងកុសិនារា (ក្រោយមក ទោណព្រាហ្មណ៍) និងធ្វើការចែកព្រះធាតុ។ ព្រះបានអជាតសត្តុ បានទទួលចំណែកនៃព្រះធាតុចំនួន២នាឡិ បានកសាងព្រះស្ដូប បញ្ចុះព្រះបរមសារីរិកធាតុរបស់ព្រះសម្មាសម្ពុទ្ធ នៅនាក្រុងរាជគ្រិះ។
សួរថា តើធ្វើយ៉ាងណា?
ឆ្លើយថា គឺព្រះរាជា បានដង្ហែតាំងតែអំពីក្រុងកុសិនារារហូតដល់ក្រុងរាជគ្រិះ ក្នុងចម្ងាយផ្លូវ២៥យោជន៍។ ក្នុងចន្លោះផ្លូវនោះ ទ្រង់បានឲ្យឈប់រវាងផ្លូវ៨ឧសភៈ(ម្ដងៗ) ដើម្បីឲ្យមហាជនបានបូជា គ្រប់កន្លែងដែលបានឈប់នោះ។ ដោយការនឹករលឹកដល់ព្រះពុទ្ធគុណ ទើបធ្វើការបូជា យ៉ាងឱឡារិកគគ្រឹកគគ្រេងឲ្យប្រព្រឹត្តទៅ រហូត៧ឆ្នាំ ៧ខែ ៧ថ្ងៃ។ ពួកមនុស្សក្នុងទីនោះ រាប់ប្រមាណមិនបាន នាំគ្នាធ្វើចិត្តឲ្យជ្រះថ្លាក្នុងព្រះបរមសារីរិកធាតុ ក្រោយពីស្លាប់ បានចូលទៅកើតក្នុងឋានសួគ៌ ដោយអំណាចនៃការបូជាចំពោះព្រះសារីរិកធាតុ។ ចំណែកពួកជនដែលជាមិច្ឆាទិដ្ឋិ មានចិត្តវិបល្លាស ព្រោះជាបុគ្គលមិនមានសទ្ធា ដោយការយល់ខុសរបស់ខ្លួន បាននាំគ្នាតិះដៀលថា តាំងតែអំពីព្រះសមណគោតមបរិនិព្វានទៅ ពួកយើងរវល់តែលេងនូវគ្រឿងប្រគំ ការងាររបស់ពួកយើងវិនាសអស់ហើយ ក៏មានចិត្តប្រទូសរ៉ាយកើតឡើង សូម្បីក្នុងវត្តដែលគួរឲ្យកើតសេចក្ដីជ្រះថ្លា បែរជាតិះដៀល ពួកជនមានប្រមាណ៨៦០០០នាក់ ក្នុងទីនោះ បានទៅកើតក្នុងអបាយភូមិ (ដោយការតិះដៀលព្រះបរមធាតុ)។ (ក្នុងកាលនោះ មាន) ភរិយា កូនស្រី និងកូនប្រសារស្រីរបស់កុដុម្ពិកៈម្នាក់ ដែលបរិបូរណ៌ដោយទ្រព្យសម្បត្តិក្នុងក្រុងរាជគ្រឹះនោះឯង មានចិត្តជ្រះថ្លា នាំគ្នាគិតថា ពួកយើងនឹងធ្វើការបូជាព្រះធាតុ ទើបកាន់យកនូវសក្ការៈទាំងឡាយ មានផ្កាកម្រង និងគ្រឿងក្រអូបជាដើម ប្រុងដើម្បីនឹងទៅកាន់ទីតម្កល់ព្រះធាតុ។ កុដុម្ពិៈនោះគិតថា កឹ អដ្ឋិកានំ បូជនេន ប្រយោជន៍អ្វីដោយការបូជាឆ្អឹងទាំងឡាយ (នោះ) ទើបជេរពួកស្ត្រីទាំងនោះ ដោយពោលតិះដៀលចំពោះការបូជាព្រះសារីរិកធាតុ។ តែស្ត្រីទាំងនោះ មិនបានអើពើនឹងពាក្យរបស់គាត់ទេ ក៏នាំគ្នាទៅក្នុងទីនោះ ធ្វើការបូជាព្រះសារីរិកធាតុហើយ ទើបត្រឡប់មកផ្ទះ មិនយូរប៉ុន្មាន ក៏ធ្វើមរណកាល ហើយទៅកើតក្នុងទេវលោក។ ចំណែកកុដុម្ពិកៈនោះត្រូវសេចក្ដីក្រោធគ្របសង្កត់ មិនយូរប៉ុន្មាន ស្លាប់ហើយ ទៅកើតក្នុងពួកប្រេត ព្រោះបាបកម្មនោះ។
ក្រោយមក ថ្ងៃមួយ ព្រះមហាកស្សបៈមានអាយុ បានសម្ដែងនូវឥទ្ធាភិសង្ខារ(គឺសម្ដែងឫទ្ធិ) ដោយប្រការដែលពួកមនុស្សអាចឃើញប្រេតទាំងនោះ និងទេវតាទាំងនោះបាន លុះធ្វើយ៉ាងនេះហើយ ក៏ឈរត្រង់ទីលានព្រះចេតិយ សួរប្រេតអ្នកដែលពោលតិះដៀលព្រះសារីរិកធាតុនោះ ទាំងនេះថា
អ្នកឋិតនៅព្ធដ៏អាកាស មានក្លិនអាក្រក់ស្អុយផ្សាយចេញឯពួកដង្កូវក៏នាំគ្នារុកស៊ីមាត់របស់អ្នកដែលមានក្លិនស្អុយ តើអ្នកបានធ្វើអំពើអ្វីក្នុងកាលមុន? ព្រោះកាលផ្សាយទៅនៃក្លិនស្អុយ និងមាត់ដែលមានកដង្កូវរុកស៊ីនោះ (បានជាពួកសត្វ ដែលប្រព្រឹត្តទៅតាមកម្ម) កាន់យកគ្រឿងសស្ត្រា មកវះ (មាត់ដំបៅ) រឿយៗ ហើយស្រោចដោយទឹកខារ (ទឹកក្រុត) ថែមទៀត។ អំពើអាក្រក់អ្វី ដែលអ្នកបានធ្វើដោយកាយ វាចា ចិត្ត? ព្រោះវិបាកនៃកម្មអ្វី អ្នកទើបបានទទួលសេចក្ដីទុក្ខយ៉ាងនេះ? ប្រេតនោះ ក៏បានទូលប្រាប់ដល់លោកថា
បពិត្រលោកអ្នកនិរទុក្ខ (កាលមុខ) ខ្ញុំជាឥស្សរៈ លើទ្រព្យ និងស្រូវអង្ករច្រើនណាស់ នៅក្នុងក្រុងរាជគ្រឹះ ដែលគួររីករាយ មានភ្នំឡោមព័ទ្ធជុំវិញ។ (កាលពីជាតិមុន) ស្រីនេះជាភរិយារបស់ខ្ញុំ ស្រីនេះជាកូនស្រីរបស់ខ្ញុំ ស្រីនេះជាកូនប្រសាររបស់ខ្ញុំ ខ្ញុំបានហាមឃាត់ពួកគេ ដែលនាំគ្នាកាន់យកកម្រងផ្កា ផ្កាឧប្បល និងគ្រឿងលាបស្រលាបដែលមានតម្លៃ ទៅកាន់ព្រះស្ដូប (ដើម្បីបូជាព្រះធាតុ) បាបកម្មនោះ គឺខ្ញុំបានធ្វើទុក្ខហើយ។
ពួកខ្ញុំមានចំនួន ៨៦០០០នាក់ បានទទួលទុក្ខវេទនាចំពោះខ្លួន ដែលបានតិះដៀលនូវការបូជាព្រះស្ដូបហើយ ទើបឆេះនៅក្នុងប្រេតវិស័យ ដែលដូចជានរក ព្រោះមានការលំបាកយ៉ាងខ្លាំង។
នាកាលបុណ្យដង្ហែ ដែលគេបូជាឧទ្ទិស្ដូបនៃព្រះអរហន្តសម្មាសម្ពុទ្ធ កំពុងតែប្រព្រឹត្តទៅ ពួកជនណាប្រកាសទោសក្នុងការបូជាព្រះស្ដូប(ដូចជាខ្ញុំ) ពួកជននោះ តែងងាកចេញចាកបុណ្យ (តែម្យ៉ាង)។
លោកម្ចាស់ សូមទតមើល នូវពួកទេពអប្សរទាំងនេះដែលទ្រទ្រង់ផ្កាកម្រង តាក់តែងកាយ កំពុងតែហោះមក (តាមអាកាស) ទេពអក្សរទាំងនោះ ដែលបានសម្រេច (ដោយសម្បត្តិទិព្វ) មានយសបរិវារ កំពុងតែសោយនូវផលនៃការបូជា (ព្រះសារីរិកធាតុ) ដោយកម្រងផ្កា។
(បពិត្រលោកម្ចាស់កស្សបៈ) ពួកនាង ជាអ្នកមានបញ្ញាបានឃើញផលដ៏អស្ចារ្យ ដ៏ចម្លែក ដែលគួរព្រឺរោម (នៃបុណ្យដ៏តិចតួចនោះ) តែងធ្វើការនមស្ការ ពោលថា (នមោ នមោ) ចំពោះព្រះមហាមុនីអង្គនោះ។
(លំដាប់នោះ) ប្រេតនោះមានចិត្តតក់ស្លុត កាលសម្ដែងកម្មដែលខ្លួនគប្បីធ្វើតទៅ ទើបពោលថា
ខ្ញុំទៅអំពីបេតលោក (នេះ) ហើយ (បើ)បានកំណើតជាមនុស្ស ខ្ញុំនឹងជាអ្នកមិនប្រមាទ ហើយនឹងធ្វើការបូជាព្រះស្ដូប(ដែលតម្កល់នូវព្រះសារីរិកធាតុ) រឿយៗដោយពិត។
ព្រះមហាកស្សបៈ ដែលប្រេតពោលប្រាប់យ៉ាងនេះហើយ ទើបធ្វើរឿងនោះឥ្យជាអត្ថុប្បត្តិហេតុ សម្ដែងធម៌ដល់បរិស័ទដែលមកប្រជុំគ្នាព្រមហើយ។
No comments:
Post a Comment