Wednesday, April 13, 2016
ការសំដែងព្រះធម៌
ការសំដែងព្រះធម៌ គឺជាការប្រដៅចិត្តមួយផ្នែកទៀតយ៉ាងសំខាន់ ព្រោះអាចប្រគល់ឱ្យនូវការចេះការដឹងដល់ អ្នកដទៃ ទាំងការចេះការដឹងនេះជារបស់មានតម្លៃកាត់ថ្លៃ ពុំបានដូច្នេះអ្នកសំដែងធម៌ក៏មិនត្រូវតាំងចេតនាលក់ព្រះធម៌ឡើយ ប៉ុន្តែត្រូវតាំងចេតនាដោយមេត្តាពិតៗ ដើម្បីឱ្យអ្នកស្តាប់បាន នូវប្រយោជន៍បាននូវព្រះធម៌ជាមរតក ។
ការសំដែងព្រះធម៌ គឺឱ្យទានដ៏ប្រសើរខ្ពង់ខ្ពស់ ព្រោះជាការឱ្យនូវកុសលធម៌ដល់អ្នកស្តាប់ អ្នកស្តាប់ធម៌ បានបុណ្យ ចំរើនកុសល ព្រោះជ្រះថ្លានឹងព្រះធម៌ ដោយជំនឿដ៏ត្រឹមត្រូវ ក្នុងព្រះធម៌ថាអាចដឹកនាំសត្វលោកឱ្យរួចផុត ចាកទុក្ខបានហើយធ្វើឱ្យអ្នកស្តាប់ធម៌រលឹកឃើញព្រះគុណ នៃព្រះសម្មាសម្ពុទ្ធ រឿយៗទៀតផង ។
អ្នកស្តាប់ធម៌ រមែងមានការយល់ដឹងយ៉ាងត្រឹមត្រូវចំពោះព្រះសង្ឃសាវ័ករបស់ព្រះដ៏មានព្រះភាគ រួចហើយក៏មានការរលឹកដល់គុណព្រះសង្ឃ ។
អ្នកសំដែងធម៌ រមែងបាននូវការទូន្មានខ្លួនឯង រួមផ្សំជាមួយនឹងការទូន្មានអ្នកដទៃ ពាក្យសំដីមានតម្លៃ ឬគ្មានតម្លៃ អាស្រ័យការប្រព្រឹត្តិបដិបត្តិរបស់អ្នកនិយាយផងដែរ ។
ការសំដែងធម៌ និង ការស្តាប់ធម៌ដោយគោរព នាំឱ្យបាននូវសមាធិដ៏ប្រសើរ ហើយសមាធិនេះអាចធ្វើ ឧបការៈដល់បញ្ញាត្រាស់ដឹងអរិយសច្ចធម៌បានទៀតផង មនុស្ស ទេវតា ព្រះឥន្ទ្រ ព្រះព្រហ្ម បានឃើញព្រះនិព្វាន ដោយការស្តាប់ ព្រះធម៌ មានចំនួនច្រើនជាអនេក ។
ការចំរើនសេចក្តីស្ងប់ចិត្ត គឺជាការចំរើនកុសល បានដល់ការទូន្មានចិត្តឱ្យនៅក្នុងសេចក្តីសុខស្ងប់រឿយៗ ។ មិនគិតដោយអកុសលវិតក្កៈ គឺមិនគិតក្នុងកាម មិនគិតក្នុងការព្យាបាទ មិនគិតក្នុងការបៀតបៀន ប៉ុន្តែមានការ គិតជាកុសលមកជំនួស ។
ការស្តាប់ធម៌ ការមើលសៀវភៅធម៌ ការសំដែង ធម៌ សុខកាយសប្បាយចិត្តក្នុងកុសលធម៌ ចិត្តស្ងប់ត្រជាក់ ព្រោះមិនបានគិតជាអកុសល ។
ត្រូវប្រដៅចិត្តដោយស្មារតីម៉ឺងមាត់ កុំឱ្យចិត្តនៅ កណ្តាលវាលក្រោមកំដៅកិលេស ព្រោះកំដៅកិលេស វាក្តៅ ខ្លាំងណាស់ គឺត្រូវឱ្យចិត្តជ្រកនៅក្រោមម្លប់នៃព្រះសទ្ធម្ម ទើប ចិត្តមិនក្តៅដោយកំដៅនៃកិលេស ។
គួរតែអាស្រ័យនូវព្រះសទ្ធម្មជាយាន ដើម្បីចេញចាកអំពីរឿងរ៉ាវក្នុងលោកនេះ និង លោកដទៃ ព្រោះរឿង រ៉ាវក្នុងលោក វានាំឱ្យតែចិត្តសៅហ្មងដោយប្រការផ្សេងៗ ដូច្នេះត្រូវប្រគល់ឱ្យវិញ្ញាណត្រឹមតែដឹងទៅចុះ ព្រះគុណម្ចាស់ ញាតិញោមឡើងកាន់យានព្រះសទ្ធម្ម ចេញចាកអំពីអារម្មណ៍ ក្នុងលោក ។
ត្រូវមានសតិជាសារថីទូន្មានចិត្ត ឱ្យចិត្តចេញចាក អំពីអារម្មណ៍ដែលមិននាំឱ្យស្ងប់ ហើយចងចិត្តឱ្យតាំងនៅក្នុង អារម្មណ៍ណាដែលនាំឱ្យចិត្តស្ងប់ ។
សូម្បីចិត្តស្ងប់ក៏ជាសង្ខតធម៌ ត្រូវបានតាក់តែង ដោយហេតុបច្ច័យ មិនគប្បីយល់ចូលចិត្តដោយសេចក្តីប្រកាន់ ថាតួខ្លួន អាត្មាអញជាអ្នកសាងធ្វើឱ្យបានសម្រេចនូវចិត្តស្ងប់ នេះឡើយ ហើយត្រូវតែប្រច័ក្សឱ្យច្បាស់ថា ចិត្តស្ងប់គ្រប់ពេល ពុំដែលមានម្ចាស់ជាសត្វបុគ្គលណាទាំងអស់ ។
ស្រង់ចាក សៀវភៅ ជំនួយសតិភាគទី៣ ៕ធម្មទានដោយឧបាសកឡេង ពិសិទ្ធ
Subscribe to:
Post Comments (Atom)
No comments:
Post a Comment