ទង់ព្រះពុទ្ធសាសនាបានធ្វើការបង្ហាញរូបរាង និងចាប់បង្ហូតនៅក្នុងប្រទេសខ្មែរគឺ នាឱកាសបុណ្យពាក់កណ្តាលសាសនា ក្នុងពុទ្ធសករាជ២៥០០នៅទីក្រុងភ្នំពេញគឺក្រោយពេលដែលសម្តេចព្រះសង្ឃរាជ ជួន ណាត យាងមកពីប្រជុំមហាសន្និបាតប្រមុខដឹកសង្ឃពុទ្ធសាសនាទូទាំងពិភពលោក នាប្រទេសឥណ្ឌារួចនោះ។
ទង់ព្រះពុទ្ធសាសនា មានប្រាំពណ៌ ហើយពណ៌នីមួយៗ តំណាងព្រះរាជសកម្មភាពព្រះសម្មាសម្ពុទ្ធ និងផ្តល់ជាគតិអប់រំដល់ពុទ្ធសានិកដូចតទៅ:
* ពណ៌ខៀវ តំណាងអោយព្រះរាជសកម្មភាពព្រះពុទ្ធ កាលទ្រង់ស្ម័គ្រ ព្រះទ័យឆ្កៀលព្រះនេត្រទាំងសងខាង បូជាថ្វាយដល់ឥន្ទព្រាហ្មណ៏ ដើម្បីប្រាថ្នាការត្រាស់ដឹង ។
តាមរយ:ពណ៌ខៀវ តំណាងព្រះរាជសកម្មភាពនេះ គឺចង់អប់រំទូន្មានពុទ្ធសាសនិកទាំងអស់ឲ្យ មានភាពជ្រះថ្លាហ៊ានលះបង់វត្ថុជាទីស្រលាញ់ដើម្បីជួយសង្គ្រោះជនស្រោចស្រង់មនុស្សពីអន្លង់ទុក្ខ ពីអន្លង់អវិជ្ជា ឆ្ពោះទៅកាន់ ទីបរមសុខ។
* ពណ៌លៀង តំណាងព្រះរាជសកម្មភាពព្រះពុទ្ធ ដែលទ្រង់បានពន្លះសាច់ សម្រក់ឈាមរបស់ព្រះអង្គឲ្យដល់ឥន្ទ្រព្រាហ្មណ៏ ដើម្បីបំពេញសាច់ខ្វះខាត និង លាបលន តុបតែងលំអរបង្គ្រប់សាច់បដិមាពុទ្ធអង្គ ដែលខ្វះចន្លោះ បំណងសម្រេចការត្រាស់ដឹង ។
តាមរយ:ពណ៌តំណាងព្រះរាជសកម្មភាពនេះ គឺចង់បណ្តុំបណ្តាលកម្លាំង សទ្ធាដល់ ពុទ្ធបរិសទ្ធឲ្យរួមគ្នា បរិច្ចាគអ្វីៗដែលខ្លួនមាន ដើម្បីរួមចំណែកកសាងបដិមាស្នងព្រះពុទ្ធអង្គ សម្រាប់ទុកជាទីសក្ការ:បូជាតរៀងរហូតទៅ ។
* ពណ៌ក្រហម តំណាងកាល ដែលព្រះពុទ្ធស្ម័គ្រ ព្រះហទ័យពុះទ្រូងរូង យកថ្លើម និងឈាមតាមការចង់បានរបស់ពេទ្យហ្ម ដើម្បីយកទៅបឺតស្រូបពិសពស់ពីព្រោះព្រះមាតាដែលត្រូវពស់អសិរពិសចឹក ហើយតម្រូវត្រង់ឳសថ បែបនេះ ទើបសង្ក្រោះអាយុជីវិតព្រះមាតាព្រះអង្គបាន ។
តាមរយ:ពណ៌ ព្រះរាជសកម្មភាពនេះ គឺជាការផ្តល់ដំបូន្មានពុទ្ធបរិស័ទ្ធ ត្រូវមានសន្តានចិត្តតបគុណមាតាបិតាដែលជា ” ព្រះរស់” អោយបានល្អទោះបីជាខ្លួនត្រូវលះបង់ជីវិតក៏ដោយ។
* ពណ៌គ្រាប់ខ្នុរ ឬ ហង្សបាទ តំណាងព្រះរាជសកម្មភាពព្រះពុទ្ធសម្រេច ព្រះទ័យប្រគល់ជីវិតអោយយក្សស៊ី ប្តូរនឹងជីវិតមាតាដែលយក្សចង់ស៊ី ឲ្យលោកមានជីវិតរស់រានតទៅទៀត។
តាមរយ:ពណ៌តំណាងព្រះរាជសកម្មភាពនេះ គឺចង់ធ្វើកាអប់រំពុទ្ធសាសនិកឲ្យមានចិត្តកត្តញ្ញូកតវេទីចំពោះមាតាបិតា តាមរយ:ការផ្គត់ផ្គង់ ទំនុកបម្រុងបាយទឹកជូនលោកទាំងពីរ អោយបានឆ្អែតឆ្អល់មិនខ្លួនជាប្រចាំ។
* ពណ៌ស តំណាងព្រះរាជសកម្មភាពព្រះពុទ្ធ កាលដែលព្រះអង្គយោងយកកំណើតជាព្រះវេស្សន្ត ពេលនោះទ្រង់បានប្រទានដំរីស បច្ច័យនាគជាដំរីមង្គល នគរស្រីពិរាស្រ្ត ទៅឲ្យអ្នកស្រុក កលិង្គរាស្រ្ត ដើម្បីជួយស្រោចស្រង់រាស្រ្តនគរនោះពីការរាំងស្ងួតពីទុរភិក្ស។
តាមរយ:ពណ៌តំណាងព្រះរាជសកម្មភាពនេះ គឺចង់អប់រំ ពុទ្ធបរិស័ទ្ធឲ្យមានចិត្តចែករំលែកសេចក្តីសុខផ្ទាល់ខ្លួនដល់អ្នកស្រុកដ៏ទៃ ក្រៅពីជាតិខ្លួន សម្រាប់ឲ្យពួកគេមានលិទ្ធភាពអាចរស់នៅសុខសាន្ត មិនប្រកាន់ពណ៌ សម្បុរជាតិសាសន៍ឡើយ។
ដកស្រង់ពីសៀវភៅពុទ្ធិវប្បធ៌មទូទៅ
No comments:
Post a Comment