រឿងព្រះបាទបទុមរាជ
( ចាក ចូ. ធា. )
( ស្ត្រីក្បត់បើទុកជាស្វាមីបង្ហូរឈាមខ្លួន ឲ្យផឹកក៏នៅតែក្បត់ )
កាលកន្លងទៅហើយ ព្រះរាជក្រុងពារាណសី មានរាជបុត្រា ៧ ព្រះអង្គ ។ ព្រះពោធិសត្វទ្រង់សោយព្រះជាតិជារាជបុត្រច្បងព្រះនាមបទុមរាជកុមារ ។ ព្រះចៅក្រុងពារាណសីជាព្រះរាជបិតា ទ្រង់ព្រះចិន្ដាថា ព្រះរាជកុមារទាំងនោះមុខជានាំគ្នាសម្លាប់អញ ដណ្ដើមយករាជសម្បត្តិតែសព្វខ្លួនពុំខាន ទើបទ្រង់ព្រះចិន្ដាដូច្នេះហើយ មានព្រះបន្ទូលថា ហៃបុត្រសម្លាញ់មាសឪពុកទាំងឡាយ បាកុំនៅក្នុងទីនេះ ចូរនាំគ្នាទៅនៅក្នុងទីដទៃសិនទៅ ទម្រាំតែអំណះឥតអំពីបិតាទៅ សឹមបាននាំគ្នាមកទទួលយករាជសម្បត្តិជាខាងក្រោយចុះ ។
ព្រះរាជកុមារទាំងនោះ ព្រមទាំងភរិយា ក៏នាំគ្នាថ្វាយបង្គំលាព្រះវរមាតាបិតា ហើយចេញអំពីនគរទៅ ។ ទៅដល់ផ្លូវដាច់ស្រយាល ដាច់បាយដាច់ទឹក រកស្បៀងអាហារបរិភោគពុំបាន ក៏បបួលគ្នាកាប់ភរិយានៃព្រះរាជកុមារពៅជាមុន ចែកសាច់ជា ១៣ ចំណែកហើយចែកគ្នាបរិភោគរៀងៗ ខ្លួន ។
ឯព្រះពោធិសត្វ ត្រូវបានពីរចំណែក គឺព្រះអង្គ ១ ចំណែក ព្រះអង្គលាក់ទុក ១ ចំណែករៀងរាល់ថ្ងៃ មិនបរិភោគឡើយ បរិភោគតែមួយចំណែកជាមួយភរិយា ។ ឯព្រះរាជកុមារដទៃ ក៏សម្លាប់ភរិយាទាំង៦ នាក់យកសាច់ចែកគ្នាបរិភោគ តាមលំដាប់រហូតមកដល់ថ្ងៃគម្រប់ ៦ ។
ចំណែកព្រះពោធិសត្វហេតុតែមានព្រះបញ្ញាឈ្លាសវៃ បានទុកចំណែកដែលត្រូវបានខ្លួនតែរាល់ៗថ្ងៃ លុះមកដល់ថ្ងៃទី ៧ ដែលត្រូវវេនសម្លាប់ភរិយារបស់ខ្លួននោះ ព្រះអង្គនៅសល់ចំណែកទាំង៦ ដែលបានលាក់ទុកពីថ្ងៃមុន យកមកចែកដល់ព្រះរាជកុមារទាំងឡាយ ហើយទ្រង់ពោលថា ម្នាលអ្នកទាំងឡាយក្នុងថ្ងៃនេះ អ្នកចូរបរិភោគចំណែកទាំងនេះសិនចុះ ចាំដល់ថ្ងៃស្អែកសឹមយើងគិតតទៅទៀត ។
លុះដល់វេលារាត្រី ព្រះរាជកុមារទាំងនោះកំពង់ដេកលក់ស៊ប់ ក៏នាំភរិយារបស់ព្រះអង្គរត់គេចបាត់ទៅ ។ លុះដើរឆ្ងាយបន្តិចទៅ ភរិយាអស់កម្លាំងមិនអាចដើរទៅទៀតបានព្រះពោធិសត្វលើកភរិយាបញ្ជិះលើស្មា ហើយខំប្រឹងដើរទៅ ដរាបដល់បានឆ្លងផ្លូវដាច់ស្រយាលនោះផុត ។ ឯភរិយាបាននិយាយថា បពិត្រស្វាមី! ខ្ញុំស្រេកទឹកខ្លាំងណាស់ ។
ព្រះពោធិសត្វ រកទឹកឲ្យភរិយាផឹកពុំបាន ក៏យកព្រះខ័នចោះជង្គង់បង្ហូរឈាមឲ្យភរិយាផឹក ។ ជនទាំងពីរនាក់នោះដើរជាលំដាប់ទៅ បានដល់ទី ១ ក៏ធ្វើបណ្ណសាលានៅក្បែរមាត់ស្ទឹងគង្គា ។ កាលនោះ ពួកមនុស្សជាច្រើនចាប់បានចោរម្នាក់ ដែលមានទោសចំពោះព្រះរាជា ហើយនាំយកទៅកាត់ដៃ. ជើង. ត្រចៀក នឹងច្រមុះឲ្យកំបុតអស់ដាក់ក្នុងពោងពាយបណ្ដែតចោលទៅក្នុងស្ទឹងគង្គានោះ បុរសកំបុតនោះនោះចេះតែស្រែកថ្ងូរហៅ ។ ព្រះបរមពោធិសត្វបានឮសំឡេងនោះហើយ មានមេត្តាអាណិតអាសូរ ចុះទៅក្នុងស្ទឹងរើសយកទៅបណ្ណសាលា រកថ្នាំលាបបិទរុំដំបៅឲ្យ ។
ឯភរិយាព្រះពោធិសត្វ ខ្ពើមរអើមបុរសកំបុតនោះ មិនដែលក្រឡេកមើលចំឡើយ ព្រះពោធិសត្វ ទ្រង់ថែរក្សាបុរសកំបុតនោះ ទាល់តែសះជាដោយស្រួលបួលហើយ ភរិយារបស់ព្រះពោធិសត្វនោះ ជាស្រីអប្រិយមានគំនិតអាក្រក់ ក្បត់ចិត្តស្វាមី កាលបានឱកាសស្ងាត់ហើយ ក៏នៅជាមួយបុរសកំបុតនោះទៅ ឥតកោតក្រែងដល់ស្វាមីឡើយ មិនតែប៉ុណ្ណោះសោត គិតរកកលឧបាយនឹងសម្លាប់ព្រះពោធិសត្វ ជាស្វាមីរបស់ខ្លួនទៀត ហើយក៏ក្លែងនិយាយថា បពិត្រអ្នកជាស្វាមី កាលដែលខ្ញុំជិះលើស្មាអ្នក ចេញផុតអំពីផ្លូវឆ្ងាយដាច់ស្រយាលនោះមកបានឃើញភ្នំ១ ធំខ្ញុំបានបួងសួងបន់ស្រន់ទេវតាថា បើសិនជាខ្ញុំ និងស្វាមីរបស់ខ្ញុំបានរួចជីវិតកាលណា ខ្ញុំនឹងត្រឡប់មកធ្វើពលិកម្មដល់លោកក្នុងកាលនោះពុំខាន ឥឡូវនេះដល់ពេលដែលខ្ញុំ នឹងត្រូវធ្វើពលិកម្មបូជាដល់ទេវតាហើយ។
នាងថាតែប៉ុណ្ណោះ ក៏នាំព្រះពោធិសត្វទៅឯភ្នំនោះ លុះដល់ហើយទើបនិយាយថា បពិត្រអ្នកជាស្វាមីខ្លួនអ្នកជាទេវតាដ៏ឧត្ដមបំផុត ខ្ញុំនឹងដើរប្រទាក់សិនអ្នក៣ជុំ ថ្វាយបង្គំអ្នកជាមុនសិន រួចហើយសឹមធ្វើពលិកម្មបូជាដល់ទេវតាជាខាងក្រោយ ។
ស្រីចង្រៃនោះពោលពាក្យយ៉ាងនេះហើយ ក៏ឲ្យព្រះពោធិសត្វឈរបែរមុខទៅរកជ្រោះភ្នំ ហើយធ្វើអាការៈហាក់ដូចជាមានប្រាថ្នា ដើម្បីថ្វាយបង្គំបូជាដោយផ្កាភ្ញី ដើរចូលទៅក្រោយខ្នង ច្រានព្រះពោធិសត្វ ទម្លាក់ទៅក្នុងជ្រោះភ្នំនោះទៅ រួច ក៏ម្នីម្នាត្រឡប់ទៅកាន់សំណាក់អាកំបុតនោះវិញដោយប្រញាប់ប្រញាល់ ។
ឯព្រះបរមពោធិសត្វ ដែលធ្លាក់ទៅក្នុងជ្រោះនោះ ហេតុតែបុណ្យបារមី ដែលព្រះអង្គបានសាងទុកពីបុព្វជាតិ ក៏ធ្លាក់ទៅលើស្បាតស៊ុបទ្រុប លើចុងល្វា១ដើមជាឈើឥតបន្លា តែទ្រង់មិនអាចដើរចុះទៅក្នុងទីដទៃបានឡើយ ក៏បេះផ្លែល្វាបរិភោគ នៅលើប្រគាបឈើនោះឯង ។ ជួនជាពេលនោះមានស្ដេចទន្សង១ជាសត្វធ្លាប់ឡើងអំពីជើងភ្នំទៅរកស៊ីផ្លែល្វា ។
សត្វទន្សងនោះកាលឡើងមកស៊ីផ្លែល្វា ស្រាប់តែឃើញព្រះបរមពោធិសត្វ ក៏មានសេចក្ដីស្និទ្ធស្នាលនិងព្រះអង្គ ទើបសួរហេតុដែលពោធិសត្វធ្លាក់ទៅក្នុងទីនោះ កាលបានស្ដាប់ដឹងសព្វគ្រប់ហើយក៏ឲ្យព្រះបរមពោធិសត្វ អង្គុយលើខ្នងរបស់ខ្លួនហើយរាវឡើងអំពីជ្រោះភ្នំ នាំចេញទៅដាក់ដល់ផ្លូវ ហើយក៏ត្រឡប់ចូលទៅកាន់ព្រៃវិញ ។
ឯព្រះពោធិសត្វ ទ្រង់ទៅកាន់បច្ចន្តគ្រាម ហើយនៅក្នុងស្រុកនោះ លុះអំណឹះឥតអំពីព្រះរាជបិតាទៅ ក៏បានសោយរាជ្យ ទ្រង់ព្រះនាមថា ព្រះបាទបទុមរាជ គ្រប់គ្រងរាជសម្បត្តិជាដំណតវង្សមក ព្រះអង្គបានសាងសាលាសម្រាប់ឲ្យទាន ៦ ខ្នង ហើយចំណាយទ្រព្យក្នុង១ថ្ងៃ៦សែនកហាបណៈឲ្យទានតែរាល់ៗ ថ្ងៃឥតមានលោះថ្ងៃណាមួយឡើយ ។
កាលនោះ ស្ត្រីកាឡកណ្ណីខាតលក្ខណ៍ បានបញ្ជិះអាកំបុតលើស្មា ដើរចេញមកអំពីព្រៃ ទៅរកសូមទានបាយចំណីគេសព្វច្រកល្ហក ដើម្បីចិញ្ចឹមរក្សាអាកំបុត កាលបើមានគេសួរថា បុរសនេះត្រូវជាអ្វីនឹងនាង វាក៏តាំងរៀបរាប់ប្រាប់ថា យើងទាំងពីរនាក់ជាបងប្អូនជីដូនមួយនឹងគ្នា ពួកចាស់ទំបានផ្សំផ្គុំឲ្យ ខ្ញុំក៏សូមតែទ្រាំខំប្រឹងរក្សាស្វាមីរបស់ខ្លួនទៅ ។
អ្នកនគរបានឮសម្ដីសារសព្ទរៀបរាប់កុហកប្រាប់ដូច្នោះហើយក៏គិតថា នាងនេះជាស្រីល្អ មានសេចក្ដីគោរពប្ដីណាស់តើ ក៏នាំគ្នាឲ្យបាយបបរជាច្រើន បានឲ្យទាំងកញ្ច្រែងធំមួយ ហើយប្រាប់ថា នាងចូរដាក់ប្ដីរបស់នាងឲ្យអង្គុយនៅក្នុងកញ្ច្រែងនេះ ហើយទូលដើរទៅ ដើម្បីកុំឱ្យលំបាកពេក ។
នាងនោះក៏ធ្វើតាមបង្គាប់ដែលគេប្រាប់ហើយទួលអាកំបុតដើររៀងៗ ទៅដល់ក្រុងពារាណសីដាក់អាកំបុតចុះពីក្បាល ឈប់សម្រាកបរិភោគចំណីអាហារក្នុងសាលាសម្រាប់ឲ្យទាន របស់ព្រះពោធិសត្វនោះ រួចហើយលើកអាកំបុតទូលទៅទៀត ។
គាប់ជួនជាពេលនោះព្រះបរមពោធិសត្វ ស្ដេចយាងទៅក្នុងរោងទាន ដើម្បីព្រះរាជទានម្ហូបចំណី ដល់ពួកមហាជនទាំងឡាយផ្ទាល់ព្រះហស្តព្រះអង្គ រួចហើយ ត្រឡប់ចូលទៅកាន់ព្រះរាជនិវេសន៍វិញ ស្រាប់តែទតឃើញស្រីនោះត្រង់ផ្លូវហើយ ត្រាស់សួរមហាជនទាំងឡាយថា គេទូលអ្វី មនុស្សទាំងនោះក៏ក្រាបទួលថា បពិត្រព្រះសម្មតិទេព ស្រីនេះទួលស្វាមីរបស់ខ្លួនដែលកំបុតអវយវៈ ជាស្រីមានសេចក្ដីគោរពកោតក្រែងដល់ប្ដីរបស់ខ្លួន ។
ព្រះបរមពោធិសត្វ ក៏ទ្រង់ប្រើរាជបម្រើឲ្យទៅហៅនាងនោះមកហើយ ទ្រង់ជ្រាបច្បាស់ថាជាភរិយារបស់ព្រះអង្គពីដើម ទើបទ្រង់ឲ្យគេលើកអាកំបុតនោះចេញអំពីកញ្ច្រែង ហើយត្រាស់សួរសព្វគ្រប់ ។
នាងនោះ ក៏បានថ្លែងសារសព្ទសេចក្ដីក្រាបទួលកុហកសព្វគ្រប់ តាមន័យដូចដែលបានថ្លែងសារសព្ទរួចមកហើយក្នុងខាងដើម ព្រះរាជាទ្រង់ត្រាស់សួរបញ្ជាក់ថា នាងឯងក្រែងជាភរិយារបស់បទុមកុមារ ជាធីតារបស់ស្ដេចឯណោះមែនឬ ហើយជាស្រីមានឈ្មោះយ៉ាងនេះ ផឹកឈាមដែលហូរចេញពីខ្លួនអញ ហើយនាងឯងក្បត់ចិត្តអញទៅស្រឡាញ់អាកំបុតនេះ បានច្រានអញទម្លាក់ទៅក្នុងជ្រោះភ្នំមែនឬ ?
ឥឡូវនេះនាងឯងស្គាល់អញឬទេឬក៏ស្មានថាអញស្លាប់ក្នុងជ្រោះនោះបាត់ទៅហើយ ត្រាស់ដូច្នេះហើយបង្គាប់អាមាត្យថា នែអ្នកទាំងឡាយរាល់គ្នាចូរយកអង្រែមកសំពងសម្លាប់អាកំបុតចង្រៃអប្រិយនេះ ឲ្យឆាប់ៗទៅ ហើយចូរនាំគ្នាកាត់ត្រចៀកច្រមុះ នៃស្ត្រីបាបកាឡកណ្ណីនេះ ឲ្យឆាប់កុំទុកវា ។
ព្រះពោធិសត្វ ដែលទ្រង់ធ្វើអាការៈកំហែងគំរាមយ៉ាងនេះ ដើម្បីគ្រាន់តែបង្អន់សេចក្ដីក្រោធប៉ុណ្ណោះទេ ព្រះអង្គមិនបានឲ្យគេធ្វើយ៉ាងដូច្នេះឡើយ ។ រួចហើយព្រះអង្គ ទ្រង់ប្រើរាជអាមាត្យ ឲ្យចងកញ្ច្រែងលើក្បាលនាងនោះដូចដើមវិញហើយ ឲ្យដាក់អាកំបុតទៅក្នុងកញ្ច្រែងនោះ ទ្រង់និរទេសឲ្យចេញផុតពីព្រំដែនរបស់ព្រះអង្គ ។
បានដកស្រង់ចេញពីសៀវភៅប្រជុំនិទានជាតក
No comments:
Post a Comment