គុណនៃព្រះនិព្វាន
ព្រះពុទ្ធទាំងឡាយតែងសរសើរគុណព្រះនិព្វានថា៖
រាគក្ខយោ អស់ទៅនៃរាគៈ, ទោសក្ខយោ អស់ទៅនៃទោសៈ, មោហក្ខយោ អស់ទៅនៃមោហៈ ដូច្នេះ ក៏មាន; ថា អជាតំ មិនកើត, អជរា មិនចាស់, អព្យាធិ មិនឈឺ, អមតំ មិនស្លាប់ ដូច្នេះ ក៏មាន, ថា មទនិម្មទនោ ញាំញីនូវសេចក្ដីស្រវឹង, បិបាសវិនយោ បន្ទោបង់នូវសេចក្ដីស្រេកឃ្លានក្នុងបញ្ចកាមគុណ, អាលយសមុគ្ឃាជោ រំលើងបង់នូវសេចក្ដីអាល័យក្នុងបញ្ចកាមគុណ, វដ្ដុបច្ឆេទោ កាត់ផ្ដាច់នូវដំណើរវិលវល់ក្នុងភពទាំង ៣, តណ្ហក្ខយោ អស់ទៅនៃតណ្ហា, វិរាគោប្រាសចាកតម្រេក, និរោធោ រំលត់បង់នូវតណ្ហា ដូច្នេះក៏មាន, ថា ជា អសង្ខតធម៌ ឥតបច្ច័យតាក់តែង ដូច្នេះក៏មាន, ថា បរមំ សុញ្ញំ សូន្យក្រៃពេក, ( ពាក្យថា សូន្យៗ ប្រែថា "ទទេ" ដូចពាក្យថា " សុញ្ញាគារផ្ទះទទេ " ដែលមិនមានមនុស្សនៅអាស្រ័យ, ព្រះនិព្វានក៏ទទេចាកសត្វបុគ្គល ) ដូច្នេះក៏មាន, ថា បរមំ សុខំ សុខយ៉ាងឆ្នើម, បណ្ដាសេចក្ដីសុខផ្សេងៗ ដែលសត្វបានជួបប្រទះក្នុងលោកសន្និវាសនេះ ជាសាមិសសុខគឺនៅលាយដោយទុក្ខ មិនបានជាសុខតែម្យ៉ាងទេ; ចំណែកខាងសុខក្នុងព្រះនិព្វានជាឯកន្តសុខ គឺមានតែសេចក្ដីសុខម្យ៉ាង ឬជានិរាមិសសុខ សុខប្រាសចាកអាមិស មិនលាយដោយទុក្ខ បន្តិចបន្តួចឡើយ ទើបឈ្មោះថា បរមសុខ ជាសុខយ៉ាងប្រសើរ ដូច្នេះ ក៏មាន។
ព្រះពុទ្ធទាំងឡាយ តែងសរសើរព្រះនិព្វានដោយប្រការផ្សេងៗ ដូចសម្ដែងមកនេះ ជាដើម។
ម្យ៉ាងទៀត ពាក្យប្រដៅក្នុងផ្លូវព្រះនិព្វាននោះមានចំពោះតែក្នុងសាសនារបស់ព្រះពុទ្ធជាម្ចាស់នៃយើងទាំងឡាយ ម្យ៉ាងប៉ុណ្ណោះ មិនមានក្នុងសាសនារបស់គ្រូដទៃឡើយ, គ្រូឯទៀតៗគេប្រដៅយ៉ាងខ្ពស់បំផុតត្រឹមឋានសួគ៌ និងព្រហ្មលោក។ បើនិយាយតាមពិត ព្រះនិព្វានមាននៅជាធម្មតា តែមិនមែនជាវិស័យរបស់បុគ្គលជាពាហិរសាស្ដាដឹងបាន, ព្រោះព្រះនិព្វានធម៌នេះ គម្ពីរោ ជាធម៌គម្ភីរភាពជ្រាលជ្រៅពេក ទុទ្ទសោ ឃើញបានដោយកម្រ ទុរានុពោធោ ដឹងបានដោយកម្រ សន្តោ ស្ងប់រម្ងាប់ បណីតោ ឧត្ដម អតក្កាវចរោ គិតគ្នាន់គ្នេរយកឯងមិនបាន និបុណោ ល្អិត បណ្ឌិតវេទនីយោ គឺបណ្ឌិតគួរដឹងច្បាស់។ ព្រោះហេតុដូច្នោះ កាលដែលព្រះដ៏មានបុណ្យជាម្ចាស់ទើបដឹងនឹងបានត្រាស់ថ្មីៗ ព្រះអង្គធុញទ្រាន់ក្នុងព្រះហឫទ័យ មិនសូវចង់សំដែងធម៌ប្រៀនប្រដៅសត្វក្នុងផ្លូវព្រះនិព្វានឡើយ, តែដោយសារព្រះករុណាគុណមកបណ្ដាលដឹកនាំព្រះហឫទ័យនៃព្រះអង្គ ទើបទ្រង់ទេសនា។
ដកស្រង់ចេញពីសៀវភៅ ឱវាទបាតិមោក្ខ
No comments:
Post a Comment