តួនាទីនីមួយៗក្នុងព្រះពុទ្ធសាសនា
តទៅនេះសូមកូនៗ អានតួនាទីនីមួយៗក្នុងព្រះពុទ្ធសាសនាដើម្បីជាប្រយោជន៍ទុកនៅក្នុងខ្លួនសម្រាប់យកទៅ ប្រតិបត្តិប្រចាំថ្ងៃផងដែរណា៎កូន។
សំខាន់ខ្លាំងណាស់ចំពោះតួនាទីនេះ ទោះជាកូននៅទីណាក៏ដោយសុទ្ធតែមានការបែងចែកតួនាទីនេះដែរ ប្រសិនបើយើងមិនបានបែងចែកការងារនោះទេ រមែងពិបាកធ្វើការងារហើយណាកូន តែនៅទីនេះឪមិនបានរៀបរាប់អំពីតួនាទីខាងផ្លូវលោកមកទេ ព្រោះកូនៗបានសិក្សាមកខ្លះហើយដូច្នេះសូមកូនយកចិត្តទុកដាក់ក្នុងការអានតួនាទីទាំងអស់នេះដោយក្ដីគោរពចុះ
តួនាទីរបស់មាតាបិតា ៥ យ៉ាង
១- ហាមមិនឲ្យកូនធ្វើសេចក្ដីអាក្រក់២- ឲ្យកូនតាំងនៅក្នុងសេចក្ដីល្អ៣- ឲ្យកូនសិក្សាសីល្ប៍វិជ្ជាផ្សេងៗ៤- រកភរិយាស្វាមីដែលសមគួរឲ្យកូន៥- ប្រគល់ទ្រព្យឲ្យកូនក្នុងសម័យដ៏សមគួរ។
តួនាទីរបស់បុត្តធីតា ៥ យ៉ាង
១- ត្រូវចិញ្ចឹមថែរក្សាមាតាបិតា២- ត្រូវជួយធ្វើកិច្ចការរបស់មាតាបិតា៣- តាំងរក្សាវង្សត្រកូលឲ្យល្អ៤- ប្រព្រឹត្តខ្លួនឲ្យជាអ្នកគួរទទួលមត៌ក៥- កាលមាតាបិតាអស់ជីវិតហើយគប្បីធ្វើបុណ្យឧទ្ទិសឲ្យលោក។
តួនាទីរបស់អាចារ្យ(គ្រូ) ៥ យ៉ាង
១- ណែនាំសិស្សានុសិស្សឲ្យបានដោយល្អ២- ឲ្យសិស្សរៀនដោយល្អ៣- ប្រាប់សិល្ប៍វិជ្ជាឲ្យអស់ដោយមិនមានការលាក់បិទបាំងទុក៤- លើកតម្កើងឲ្យប្រាកដក្នុងពួកមិត្ត៥- ធ្វើសេចក្ដីការពារសិស្សគ្រប់ទិសទាំងឡាយ។
តួនាទីរបស់សិស្ស ៥ យ៉ាង
១- លោកអញ្ជើញមកត្រូវក្រោកឈរទទួល២- ចូលទៅឈរចាំទទួលបម្រើលោក៣- ស្ដាប់ពាក្យទូន្មានប្រៀបប្រដៅរបស់លោក៤- បម្រើលោក៥- រៀនសិល្ប៍វិជ្ជាដោយគោរព។
តួនាទីរបស់ស្វាមី ៥ យ៉ាង
១- លើកតម្កើងរាប់អានថាជាភរិយា២- មិនមើលងាយប្រពន្ធ៣- មិនប្រព្រឹត្តក្បត់ចិត្តប្រពន្ធ៤- ប្រគល់ភាពជាធំឲ្យដល់ប្រពន្ធ៥- ឲ្យគ្រឿងអលង្ការទៅដល់ប្រពន្ធ។
តួនាទីរបស់ភរិយា ៥ យ៉ាង
១- ចាត់ចែងការងារឲ្យបានល្អ២- សង្គ្រោះញាតិរបស់ស្វាមី៣- មិនប្រព្រឹត្តក្បត់ចិត្តស្វាមី៤- រក្សាទ្រព្យដែលស្វាមីរកបានមក៥- ខំធ្វើកិច្ចការងារទាំងពួង។
តួនាទីរបស់មិត្តអ្នកធ្វើឧបការៈមុន ៥ យ៉ាង
១- ចាត់ចែងរបស់២- និយាយដោយពាក្យពីរោះ៣- ប្រព្រឹត្តក្នុងអំពើដែលជាប្រយោជន៍៤- ដោយភាពជាអ្នកមានខ្លួនស្មើ៥- មិនពោលឲ្យឃ្លាតពីការពិត
តួនាទីរបស់មិត្តអ្នកធ្វើតប ៥ យ៉ាង
១- រក្សាមិត្តអ្នកដែលទ្វេសប្រហែសហើយ២- រក្សាទ្រព្យរបស់មិត្តដែលទ្វេសប្រហែស៣- កាលមានភ័យយកជាទីពឹងពំនាក់បាន៤- មិនលះបង់ចោលមិត្តក្នុងពេលមានវិបត្តិ៥- រាប់អានគ្នារហូតដល់វង្សត្រកូលរបស់មិត្ត។
តួនាទីរបស់ចៅហ្វាយនាយ ៥ យ៉ាង
១- ឲ្យការងារសមគួរដល់កម្លាំង២- ឲ្យអាហារនិងរង្វាន់លើកទឹកចិត្ត៣- រក្សាព្យាបាលពេលមានជម្ងឺ៤- ចែកអាហារមានរសប្រណីតឲ្យបរិភោគ៥- អនុញ្ញាតឲ្យឈប់សម្រាក ដើរលេងក្នុងសម័យដ៏សមគួរ។
តួនាទីរបស់អ្នកបម្រើ ៥ យ៉ាង
១- ក្រោកឡើងធ្វើការងារមុនចៅហ្វាយនាយ២- ឈប់ធ្វើការងារក្រោយចៅហ្វាយនាយ៣- កាន់យកតែរបស់ដែលចៅហ្វាយនាយឲ្យ៤- ធ្វើការងារឲ្យល្អប្រសើរឡើង៥- ពោលសរសើរគុណរបស់ចៅហ្វាយនាយ។
តួនាទីរបស់សមណព្រាហ្មណ៍ ៥ យ៉ាង
១- ហាមមិនឲ្យកុលបុត្រធ្វើអំពើអាក្រក់២- ញ៉ាំងកុលបុត្រឲ្យតាំងនៅក្នុងសេចក្ដីល្អ៣- អនុគ្រោះកុលបុត្រដោយទឹកចិត្តដ៏ល្អ៤- ឲ្យស្ដាប់នូវពាក្យដែលមិនធ្លាប់បានស្ដាប់ ឲ្យស្គាល់នូវរបស់ដែលមិនធ្លាប់បានស្គាល់ឲ្យច្បាស់លាស់៥- ប្រាប់ផ្លូវទៅកាន់ស្ថានសួគ៌។
តួនាទីរបស់ព្រះពុទ្ធសាសនិកជន ៥ យ៉ាង
១- ធ្វើអ្វីដោយកាយដែលប្រកបដោយមេត្តា២- និយាយអ្វីដោយវាចាដែលប្រកបដោយមេត្តា៣- គិតអ្វីដោយមនោដែលប្រកបដោយមេត្តា៤- មិនបិទទ្វារផ្ទះរបស់ខ្លួន (បានន័យថាត្រូវធ្វើទានជាមួយនឹងព្រះសង្ឃ.....)។៥- ប្រគេនរបស់ដែលសមគួរដល់ព្រះសង្ឃ។
តួនាទីទាំងអស់នេះ ប្រសិនបើកូនបានអានរាល់ថ្ងៃនោះរមែងរីកចម្រើនបញ្ញារបស់កូន និងបានយល់ព្រះធម៌ខ្លះៗដែរណាកូន។
យើងបានកើតជាមនុស្សនេះជាការក្រណាស់ ដូច្នេះយើងត្រូវមានសីល ៥ (ឬហៅថានិច្ចសីល) ជាសីលដែលត្រូវមានជានិច្ចកាល។ មានពុទ្ធបរិស័ទភាគច្រើនជាអ្នកកាន់ព្រះពុទ្ធសាសនា តែមិនសូវបានចេះដឹងជម្រៅក្នុងព្រះពុទ្ធសាសនាទេ ហើយឪពុកនិយាយនេះមិនមែនឪពុក អ្នកចេះដឹងក្នុងព្រះពុទ្ធសាសនាច្បាស់នោះទេ គ្រាន់តែជាអ្នកមានការសិក្សាចេះដឹងតិចតួចប៉ុណ្ណោះតទៅនោះសូមកូនពិចារណាសីល ៥ ក្នុងលោកនេះហើយពិចារណាថាបានជួយក្នុងសង្គមយ៉ាងណានោះ។
No comments:
Post a Comment